ទឹកចិត្តឪពុក និងជាគ្រូបង្វឹកផ្ទាល់ ទោះជាមានបញ្ហាសុខភាពធ្ងន់ធ្ងរយ៉ាងណាក្តី តែលោកគ្រូអេ ភូថងទទូចឱ្យប្រពន្ធទិញរទេះរុញមកអង្គុយទស្សនាកូនប្រកួត នាយប់នេះ

ភ្នំពេញ៖ លោកអេភូថង អតីតជាស្តេចប្រដាល់គុនខ្មែរដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា បច្ចុប្បន្នជាគ្រូបង្វឹកដ៏សកម្មបំផុត ជាមួយកីឡាគុនខ្មែរ ឥឡូវនេះរូបលោកមានជំងឺឡើងអាស៊ីតយ៉ាងធ្ងន់ធ្ងរ ដោយត្រូវបានគ្រូពេទ្យធ្វើការវះកាត់ជាច្រើនកន្លែង នៅផ្នែកកែងដៃ និងជើង។

បើទោះបីជាខ្លួនមានជំងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរក្តី ក្រោយពីទទួលបានការវះកាត់រួចរាល់ទើបតែបាន៣-៤ថ្ងៃ លោកគ្រូ អេ ភូថង បានទទូចឲ្យភរិយាខ្លួនទិញរទេះអង្គុយមួយ ដើម្បីអាចទៅទស្សនាការប្រកួតរបស់ ម៉ឺន មេឃា ដែលជាកូនប្រុសបង្កើតរបស់ខ្លួន។ ម៉ឺន មេឃា នឹងត្រូវប្រកួតជាមួយ Kazuki កីឡាករជប៉ុន លើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅសង្វៀនថោន នាវេលាម៉ោង ៨ យប់ថ្ងៃនេះ។

 

តាមរយៈកីឡាករម៉ឺន​ មេឃាបានផ្ដល់បទសម្ភាសដល់សារព័ត៌មានថោនថា លោក អេ ភូថង បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារការឡើងជាតិអាស៊ីតយ៉ាងធ្ងន់ធ្ង អស់រយៈពេលជិត ២សប្ដាហ៍មកហើយ ហើយក៏បានវះកាត់ និងកំពុងព្យាបាលជាបន្ដទៀត។ បើទោះជាមិនទាន់បានជាសះស្បើយពីជំងឺយ៉ាងណាក្តី លោក អេ ភូថង នៅតែទទូច ឲ្យប្រពន្ធរបស់ខ្លួន ជូនទៅមើលការប្រកួតរបស់សិស្សខ្លួន ទឹកចិត្តរបស់លោកពិតជាធំធេងខ្លាំងណាស់មកលើវិស័យកីឡាប្រដាល់គុនខ្មែរ។

ដោយការទទូចរបស់លោកខ្លាំងពេក លោកស្រីសុម៉ាលីដែលជាភរិយារបស់លោក  បានទិញកៅអីរទេះមួយ ទុកសម្រាប់ជូនលោកទៅទស្សនាការប្រកួតរបស់សិស្ស និងកូនរបស់ខ្លួន។

 

បច្ចុប្បន្នកូនសិស្សលោកអេភូថង ដូចជា ធឿន ធារ៉ា, យ៉េន ឌីណា និងកូនប្រុសពីររូបរបស់លោក ម៉ឺន មេឃា និង អេអាំម៉ារីន ភូថង ជាដើម មិនសូវមានកម្លាំងចិត្តប្រកួតប៉ុន្មានទេ ក្រោយពីអវត្តមានលោកឪពុករបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ប្រកួតមួយរយៈចុងក្រោយនេះ។

កូនសិស្ស និងកូនៗរបស់លោកឡើងប្រកួត មើលទៅដូចជាពិបាកនិយាយពីអារម្មណ៍គេណាស់ ព្រោះរាល់ដង ពេលគេវាយ ហើយក្រឡេកមកមើលក្រោមសង្វៀន ឃើញលោកគ្រូ ឃើញអ្នកគ្រូស្រែក ធ្វើឱ្យគេមានកម្លាំងចិត្តក្នុងការប្រកួត។ ពេលអត់គ្រូទាំង២ទៅ កូនសិស្សរបស់គាត់ ដូចជាហេលហាល អត់សូវមានស្មារតីក្នុងការប្រកួតសោះ។

 

គួរបញ្ជាក់ផងដែរថា ម៉ឺន មេឃា ត្រូវប្រកួតជាមួយ Kazuki កីឡាករជប៉ុន លើប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម នៅសង្វៀនថោន ចាប់ពីម៉ោង ៨:០០ យប់តទៅ។ នៅលើសង្វៀនជាមួយគ្នានោះ រឿង សោភ័ណ្ឌ ក៏ត្រូវជួបជាមួយ Tomoyuki មកពីជប៉ុនដែរ លើទម្ងន់ ៧២គីឡូក្រាម។ រីឯ ឈឿន ល្វៃ ប៉ះជាមួយ Bento មកពីប្រេស៊ីល លើប្រភេទទម្ងន់ ៧២គីឡូក្រាម ក្នុងការ ប្រកួតដណ្ដើមខ្សែក្រវ៉ាត់។

កីឡាករកម្ពុជា គោរមៈ ច័ន្ទរាជ ត្រូវជួបកីឡាករជប៉ុន លើប្រភេទទម្ងន់ ៥៤គីឡូក្រាម ខណៈ វង្ស វិច្ឆ័យ ប្រកួតជាមួយកីឡាករជប៉ុន Tsuzaki លើប្រភេទទម្ងន់ ៧២គីឡូក្រាម។ ចំណែកគូដណ្ដើមខ្សែក្រវ៉ាត់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើប្រភេទទម្ងន់ ៦០គីឡូក្រាម រិន ដេវីត ប្រកួតជាមួយ ចាន់ សំអាត ហើយ ទូច ដេវីត ប៉ះជាមួយ ធន់ អៀងឡៃ។ រីឯ កីឡាករ សុខ ធី ត្រូវជួបស្វាគមន៍ កីឡាករជប៉ុន Yoto លើប្រភេទទម្ងន់ ៦០គីឡូក្រាម។

 

ព្រឹត្តិការណ៍ប្រកួត នៅលើសង្វៀន GANZBERG រាជសីហ៍គុនខ្មែរ ចាប់ផ្តើមពីវេលាម៉ោង 8:00យប់ថ្ងៃទី21 ខែធ្នូ ឆ្នាំ2023នេះ នៅស្ថានីយ៍ទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជាមួយគ្នានេះ ក៏មានផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ TOWN FULL HDTV, ផេក TOWN FULL HDTV , Town Sports និងBeer GANZBERG ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២