ពិតជាគួរឱ្យសោកស្ដាយខ្លាំងណាស់! កំពុងលេងជួយក្លឹបភ្នំពេញក្រោន ឱ្យឡើងទៅដណ្តើមពាន់រង្វាន់ដ៏ធំប្រចាំតំបន់អាស៊ី ជួន ចាន់ចាវជួបរឿងស៊យរបួសកជើងយប់ម៉ិញ ត្រូវធ្វើការវះកាត់ និងសម្រាករយៈពេលយូរ

ភ្នំពេញ ៖ ពិតជាមានការសោកស្ដាយខ្លាំងណាស់ ក្រោយពីកីឡាករដែលជាប្រធានក្រុមរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនកីឡាករ ជួន ចាន់ចាវ បានរងរបួសកជើងខាងស្តាំក្នុងការប្រកួតជាមួយក្រុមអាយអេសអាយ ដង្កោសែនជ័យ នៅថ្ងៃទី 24 ខែធ្នូ យប់មិញនេះ។

កាលពីយប់មិញនេះ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ ដោយប្រើរយៈពេលជាងមួយម៉ោងដើម្បីដាក់ដែកមួយរយៈសិន ពីរខែក្រោយទើបវះដក វីសមួយចេញសិន ហើយរយៈពេលមួយខែទៀតទើបអាចដើរដោយប្រើឈើច្រត់បាន ទោះជាយ៉ាងណា យ៉ាងតិច6ខែទើបអាចហាត់បានតិចៗវិញ ហើយរយៈពេលមួយឆ្នាំទើបវះដកដែកចេញទាំងអស់ នេះបើតាមការបញ្ជាក់ពីក្រុមគ្រួសារកីឡាកររូបនេះ។

 

ក្រោយពីរងរបួសជើងយ៉ាងធ្ងន់ធ្ងរ រូបគេនឹងត្រូវធ្វើការវះកាត់ភ្លាមៗនៅយប់មិញ ធ្វើឲ្យអ្នកគាំទ្ររបស់រូបគេផ្ទាល់ក៏ដូចជាអ្នកគាំទ្ររបស់ខ្លឹមបាល់ទាត់ភ្នំពេញក្រោយមានការសោកស្ដាយជាខ្លាំងខណៈដែលកីឡាកររូបនេះគឺជាកីឡាករមួយរូបដែលបានជួយក្រុមបាល់ទាត់ភ្នំពេញក្រោនទទួលជោគជ័យអស់រយៈកាលកន្លងមកជាច្រើន ។

អ្វីដែលកាន់តែសោកស្ដាយជាងនេះទៅទៀតនោះគឺបច្ចុប្បន្ននេះក្លឹបបាល់ទាត់ភ្នំពេញក្រោនកំពុងតែមានភារកិច្ចធំ ក្នុងការប្រកួតពានរង្វាន់AFC Cup ដោយភ្នំពេញក្រោនគឺជាក្លឹបបាល់ទាត់ដំបូងគេនៅកម្ពុជាដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន់រង្វាន់ប្រចាំតំបន់អាស៊ានដ៏ធំមួយនេះ ក្នុងនោះកីឡាករជួន ចាន់ចាវ ក៏ទទួលភារកិច្ចចូលរួមជាមួយនឹងក្រុមដូចគ្នាផងដែរ ប៉ុន្តែជាអកុសលគឺពេលនេះគេបានទទួលរងរបួស ធ្វើឱ្យមិនអាចបន្តជួយក្រុមបាននោះទេ។

សូមជម្រាបផងដែរថា តាមរយៈថ្នាក់ដឹកនាំក្លឹបបាល់ទាត់ភ្នំពេញក្រោនលោកកែវ សុខងន អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនផ្ទាល់បានប្រាប់សារព័ត៌មានថោនឱ្យដឹងថា ក្រោយពីធ្វើការវះកាត់ភ្លាមៗដែលប្រើរយៈពេលជាងមួយម៉ោងកាលពីយប់ម៉ិញរួចមក កីឡាករជួន ចាន់ចាវស្ថិតនៅក្នុងស្ថានភាពធម្មតា ហើយកំពុងតែស្ថិតនៅក្នុងការមើលថែរបស់ក្រុមគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់ ។

អ្នកចាត់ការទូទៅរូបនេះ ក៏បានបន្ថែមទៀតថា តាមរយៈការវះកាត់ ក៏ដូចជាក្រុមគ្រូពេទ្យបានប្រាប់ថា របួសរបស់កីឡាករជួន ចាន់ចាវអាចនឹងត្រូវធ្វើការសំរាករយៈពេលយូរ ដូច្នេះចាន់ចាវ និងត្រូវអវត្តមាននៅលើទីលានរយៈពេលវែងទម្រាំ អាចវិលត្រឡប់មកជួយក្រុមវិញ ៕

    

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២