គ្រាន់តែមួយសប្ដាហ៍ដើមឆ្នាំ២០២៤នេះ មានអ្នកស្លាប់ចំនួន២២នាក់ និងរបួស៧៧នាក់  ដោយសារ​គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា របាយការណ៍ក្រសួងមហាផ្ទៃរយៈពេលមួយសប្ដាហ៍  គ្រោះថ្នាក់ចរាចរណ៍នៅទូទាំង​ប្រទេសបានកើតឡើងសរុបចំនួន ៥៧ករណី ដែលបណ្ដាលឲ្យស្លាប់ចំនួន ២២នាក់ និងរងរបួស ៧៧នាក់  នៅទូទាំងប្រទេស គិតពីថ្ងៃទី២ មកដល់ថ្ងៃទី៧ ខែមករា  ឆ្នាំ២០២៤  នេះ។

មិនខុសពីឆ្នាំ២០២៣ ទាំងមូលនោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាប្រធានបទដ៏ក្តៅគគុក  ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតែម្ដង គឺជួបគ្រោះថ្នាក់ច្រើនជាងគេដដែល  ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់យើង កាន់តែមានការរីកចម្រើនជាលំដាប់។  នេះបើ តាមការលើកឡើងរបស់លោក ទូច  សុឃៈ អ្នកនាំពាក្យរង ក្រសួង មហាផ្ទៃ។

លោកបានបន្ថែមទៀតថា  ជាទិសដៅអាទិភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ហាចរាចរណ៍ ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ  ក្នុងអាណត្តិទី៧នេះ។ ជាបន្តបន្ទាប់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី តែងដាក់គោលការណ៍អនុវត្តដល់អង្គភាពជំនាញជាប្រចាំ។

អ្នកនាំពាក្យរងរូបនេះបានបន្តទៀតថា ចំនួនអ្នកស្លាប់ និងរងរបួសនៅតែបន្ត កើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះ បណ្ដាលមកពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើស ល្បឿនកំណត់ មើលស្រាលស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះ-មិនយោគយល់គ្នាលើដងផ្លូវ…។ ជារួមកង្វះការឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍ជាដើម។ល។ ដែលទាមទារឱ្យមានការចូលរួមព្រមគ្នាដើម្បីដោះស្រាយ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២