ក្រសួងបរិស្ថានថា ផ្សែងពុលពីការដុតប្លាស្ទិក អាចបង្កបញ្ហាដល់ផ្លូវដង្ហើម និងបង្កឱ្យកើតជំងឺមហារីកទៀតផង! ឈប់ដុតប្លាស្ទិកទៀតទៅ!

តាមការស្រាវជ្រាវបានបង្ហាញថា ផ្សែងពុលពីការដុតប្លាស្ទិក អាចបង្កបញ្ហាផ្លូវដង្ហើម រួមនឹងជំងឺមហារីកផងដែរ។ ប្លាស្ទិកដែលត្រូវបានគេដុត ក៏បង្កការគំរាមកំហែង ដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិផងដែរ ព្រោះថាវាបញ្ចេញសារធាតុគីមី ដែលមានគ្រោះថ្នាក់ ដូចជា ឧស្ម័នកាបូនិក (CO2) ឌីអុកស៊ីន (Dioxins) និងហ្វូរ៉ង់ (Furans)ជាដើម។

នៅពេលមនុស្សស្រូបយកសារធាតុគីមីទាំងនេះពីផ្សែង វាអាចបង្កឱ្យមានជំងឺផ្លូវដង្ហើម ហើយក៏អាចបង្កឱ្យកើតជំងឺមហារី។ ការបំភាយឧស្ម័នពុលពីការដុតប្លាស្ទិកទំាងនោះបានរួមចំណែកធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុផងដែរ។ក្រសួងបរិស្ថានបានជំរុញឲ្យបន្តអនុវត្តនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាប្រចាំ ដោយប្រើពាក្យស្លោកថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «លាហើយប្លាស្ទិក»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការដែលយើងទាំងអស់គ្នា ជាពិសេសក្មួយៗសិស្សានុសិស្ស និងយុវជនយើង ចូលរួមអនុវត្តនូវយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានជាទៀងទាត់នោះ វានឹងក្លាយជាទម្លាប់ល្អ ដែលធ្វើឱ្យយើងកាត់បន្ថយ រហូតដល់ឈានទៅឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុង នាពេលអនាគត។

យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា បរិស្ថានស្អាត កើតចេញពីការចូលរួមពីយើងទាំងអស់គ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២