អធិការ​រងស្រុកកៀនស្វាយម្នាក់​ និងនាយរងប៉ុស្តិ៍នគរបាលដីឥដ្ឋម្នាក់បានស្លាប់​ និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍យប់ម៉ិញ

ភ្នំពេញ​ ៖​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង​ បណ្ដាលឱ្យ​លោកអធិកា​ររងស្រុកកៀនស្វាយម្នាក់​ នាយរងប៉ុស្តិ៍ដីឥដ្ឋម្នាក់បានស្លាប់ និងមាននារី២នាក់ បុរសម្នាក់ទៀតដែលរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

​   

គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី១១ ខែមករា​ ឆ្នាំ ២០២៤​ នៅតាមបណ្តោយផ្លូវជាតិលេខ១ ខាងមុខវត្តចម្ប៉ា សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់​ ទី១.មានឈ្មោះ ហេង​ ស៊ីថារ៉ូ អាយុជាង៣០ឆ្នាំ ជាមន្រ្តីនគរបាល មានតួនាទីជាអធិការរងស្រុកកៀនស្វាយ។​ ទី២​.ឈ្មោះ ម៉ាន រ៉ាវី អាយុ២០ឆ្នាំជាង មានតួនាទីជានាយរងប៉ុស្ថិ៍ដីឥដ្ឋ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីដ ពណ៌ស​ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BN-7915 បើកបរដោយបុរសម្នាក់រួមជាមួយស្រ្តីម្នាក់ជាប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចដោយល្បឿនលឿន​ ខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក LexusRX350​ ពណ៌ស ពាក់ស្លាកលេខ នគរបាល 2- 0393 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីចំនួន៤នាក់ទៀតក្នុងនោះមានមន្រ្តីនគរបាល២រូបផងដែរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១​ក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន​ ស្រាប់តែរេចង្កូតឆ្លងចូលគន្លងផ្លូវជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីដចំពីមុខពេញទំហឹងផ្លោងខ្ទាតទៅបោកផ្ទប់នឹងរបងបណ្តាលឱ្យមន្រ្តីនគរបាល២រូបបានស្លាប់ ដោយម្នាក់ជានាយរងប៉ុស្តិ៍ដីឥដ្ឋនិងម្នាក់ទៀតជាអធិការរងស្រុកកៀនស្វាយ ក្នុងនោះក៏មានបុរសម្នាក់និងស្រ្តី២នាក់ទៀតដែលរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះអាយុជីវិតភ្លាមៗ ។ ចំណែកប្តីប្រពន្ធ២នាក់ដែលបើករថយន្តកាមរីហាយប្រ៊ីដ រងរបួសតិចតួច​ ត្រូវសមត្ថកិច្ចឃាត់សួរនាំបន្ត។

​   

បន្ទាប់ពី​សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ​ឱ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធី​ ។ ចំណែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

        

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២