អ្នកភូមិអង្គរបាន បន្តការដាំដុះត្រុំ និងផលិតល្បាប់មរដែលជាស្តេចពណ៌ធម្មជាតិ ដើម្បីធ្វើការអភិរក្ស ថែរក្សាប្រពៃណីពីដូនតាឱ្យបាននៅគង់វង្សយូរអង្វែងតកូនចៅទៅមុខទៀត

បច្ចុប្បន្ននេះ ការដាំដុះត្រុំដើម្បីផលិតជាល្បាប់មរ ស្ទើរតែបាត់បង់ទាំងស្រុងទៅហើយ នៅមានសេសសល់តាមតំបន់ជនបទតិចតួចប៉ុណ្ណោះ។ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាមឯណោះវិញ ពួកគាត់មិនបោះបង់មុខរបរឬជំនាញផលិតល្បាប់មរនេះចោលឡើយ ដោយពួកគាត់បានរួមសហការគ្នាចងក្រងជាសហគមន៍ដាំត្រុំ និងផលិតល្បាប់មរ ដើម្បីធ្វើការអភិរក្ស និងថែរក្សាប្រពៃណីតពីដូនតាមកនោះឱ្យបាននៅឋិតថេរគង់វង្សយូរអង្វែងតទៅមុខទៀត។

ល្បាប់មរដែលផលិតពីត្រុំនេះ គឺជាពណ៌ធម្មជាតិដើម្បីទុកសម្រាប់ជ្រលក់អំបោះផលិតជាក្រណាត់សំពត ឬក្រមាជាដើម ដែលមានគុណភាពពណ៌ជាប់បានយូរអង្វែង មិនងាយហើរពណ៌ឡើយ។លោកស្រី ធុច សោភ័ណ្ឌ ជាប្រធានសហគមន៍ត្រុំអង្គរបាន បានមានប្រសាសន៍ថា មុខរបរដាំដុះត្រុំ ដើម្បីផលិតជាល្បាប់មរយកទៅជ្រលក់អំបោះនេះគឺជាមុខរបរបន្ទាប់បន្សំមួយ ដែលបន្តកេរ្តិ៍ដំណែលតាំងពីដូនតាមកម្ល៉េះ បើទោះជាវាមិនមានទីផ្សារល្អយ៉ាងណាក្តី តែប្រជាពលរដ្ឋនៅក្នុងភូមិអង្គរបានយើងខ្ញុំ នៅតែខិតខំធ្វើវាដោយការពេញចិត្តគឺក្នុងគោលបំណងដើម្បីធ្វើការអភិរក្ស និងថែរក្សាដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់។ហើយដីនៅភូមិអង្គរបាន ស្រុកកងមាសនេះមានជីជាតិល្អក្នុងដាំដុះដំណាំត្រុំនេះ ដែលមានភាពល្បីល្បាញជាយូរមកហើយ។ប្រជាពលរដ្ឋនៅក្នុងភូមិអង្គរបាន បានចាប់ផ្តើមមុខរបរនេះតាំពីទស្សវត្សឆ្នាំ៧០មកម្ល៉េះ ប៉ុន្តែនៅក្នុងសម័យរបបខ្មែរក្រហមការដាំដុះត្រុំ ផលិតជាល្បាប់មរត្រូវបានផ្អាក។ ប៉ុន្តែនៅពេលរបបខ្មែរក្រហមបានដួលរលំទៅ ប្រជាពលរដ្ឋនៅក្នុងស្រុកភូមិនេះបានចាប់ផ្តើមដាំដុះត្រុំ ដើម្បីផលិតល្បាប់មរនេះឡើងវិញ តែជាលក្ខណៈគ្រួសារបន្តិចបន្តួចប៉ុណ្ណោះ។

លោកស្រី ធុច សោភ័ណ្ឌ បានមានប្រសាសន៍បន្តទៀតថា នៅក្នុងឆ្នាំ២០០៤ អង្គការគាំពារកុមារខ្មែរ(ស៊ី វ៉ាយ ខេ) បានសហការជាមួយអ្នកភូមិដែលធ្លាប់ដាំត្រុំ ផលិតល្បាប់មរពីមុនមកនោះ  បាននាំគ្នាដាំដុះត្រុំ និងសាកល្បងផលិតមរឡើងវិញ អស់រយៈពេល៤ឆ្នាំ តែមិនបានទទួលជោគជ័យតាមការគ្រោងទុកឡើយ។ ដោយសារតែមិនទទួលបានជោគជ័យ ហើយផលិតផល ដែលផលិតឬជ្រលក់ពណ៌ពីទឹកមរនេះមិនមានទីផ្សារល្អនោះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបោះបង់មុខរបរនេះចោល។ប៉ុន្តែសម្រាប់រូបខ្ញុំ និងអ្នកភូមិមួយចំនួនទៀតនៅតែបន្តចាប់យកមុខរបរដែលជាកេរ្តិ៍ដំណែលពីដូនតានេះរហូតមកដល់សព្វថ្ងៃនេះ។ នៅក្នុងឆ្នាំ២០០៧ ដោយមានជំនួយឧបត្ថម្ភរបស់អង្គការគាំពារកុមារខ្មែរ(ស៊ី វ៉ាយ ខេ) និងមូលនិធី សហប្រតិបត្តិការជប៉ុនអន្តរជាតិ សហគមន៍ត្រុំអង្គរបានត្រូវបានបង្កើតឡើង ដើម្បីធ្វើការអភិរក្សការដាំដុះត្រុំ និងជំនាញផលិតល្បាប់មរដែលជាមុខរបរប្រពៃណីតពីដូនតានេះឡើងវិញ សម្រាប់ឱ្យកូនចៅខ្មែរជំនាន់ក្រោយបានស្គាល់ និងបានសិក្សាឈ្វេងយល់ផងដែរ ។

បច្ចុប្បន្នសហគមន៍ត្រុំអង្គរបាន មានសមាជិកចំនួន ៩គ្រួសារ ដែលកំពុងដាំដុះត្រុំ និងផលិតជាល្បាប់មរយ៉ាងមមាញឹកបំផុត។ក្រៅពីផលិតល្បាប់មរសម្រាប់លាយពណ៌ជ្រលក់អំបោះដើម្បីផលិតជាវត្ថុអនុស្សាវរីយ៍ ឬក្រមាលក់នៅលើទីផ្សារហើយនោះ សហគន៍ក៏មានគម្រោងផលិតល្បាប់មរលក់តាមតម្រូវការទីផ្សារផងដែរ ព្រោះថាការជ្រលក់ពណ៌ផលិតពីល្បាប់មរនេះមានគុណភាពល្អ ជាប់បានយូរអង្វែងខ្លាំងណាស់មិនងាយហើរពណ៌ឡើយ៕

សូមបងប្អូនជួយគាំទ្រផលិតផល សហគមន៍ត្រុំអង្គរបានយើងខ្ញុំផង!

        

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២