ឈាមស្រែកស្បែកហៅ! សមត្ថកិច្ចចាប់ឃាតកដៃដល់ សម្លាប់បុរសម្នាក់ញាត់សាកសពចូលក្នុងវ៉ាលីនៅភ្នំពេញ រួចយកទៅបោះចោលនៅខេត្តកោះកុងនោះបានហើយ

ភ្នំពេញ៖ ឃាតកដែលសម្លាប់បុរសម្នាក់រួចយកសាកសពញាត់ចូលក្នុងវ៉ាលីយកទៅបោះចោលនៅខេត្តកោះកុងនោះ សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយ នៅចំណុច​បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង, អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រើវិធានការជំនាញ​ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងទីតាំងឈានទៅដល់ការឃាត់ខ្លួន នៅចំណុច​បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ វេលាម៉ោង៥៖០០នាទី ។

នៅចំពោះមុខសម្ថតកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនដៃដល់ឈ្មោះ ញ៉ែប សុខុម បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន កាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១រសៀល នៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ អគារ UK Condo ៥៤៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ក្រោយពីធ្វើសកម្មភាពរួច នៅថ្ងៃដដែល វេលាម៉ោងប្រហែល ៦ និង៤៩នាទីល្ងាច ខ្លួនបានដាក់សាកសពចូលទៅក្នុងវ៉ាលីដឹកតាមរថយន្តម៉ាក RangRover Sport ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z-9987 យកទៅទម្លាក់ចោលនៅចំណុចជំរាលផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ជនសង្ស័យបានបន្ថែមថា មូលហេតុខ្លួនសម្លាប់ជនរងគ្រោះដោយសារតែខឹងជនរងគ្រោះ បាន Hack យកគណនី ICloud  ,ធនាគារ ABA ,ស៊ីមទូរស័ព្ទរបស់ខ្លួនយកទៅគ្រប់គ្រង ។

 

ហើយនៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រទះឃើញវ៉ាលីដាក់សាកសព នៅចំណុចក្បែរផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (មិនស្គាលអត្តញ្ញាណ)។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, អគ្គស្នងការរងទទួលការងារនាយកដ្ឋាន, ប្រធាននាយកដ្ឋានកណ្ដាល និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបើកប្រតិបត្តិការស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនជនសង្ស័យបានយកមកផ្តន្ទាទោសតាមច្បាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២