សមត្ថកិច្ចដេញចាប់ជនសង្ស័យ២នាក់ ដែលបានលូកយកលុយ និងសម្ភារប្រើប្រាស់ពីជនបរទេសម្នាក់អស់ពីខ្លួន នៅម្តុំរមណីយដ្ឋានវត្តភ្នំ

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង ១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅផ្លូវលេខ១៣០ កែង១៥ មូលដ្ឋាននៃសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះធ្វើសកម្មភាពលូកហោប៉ៅលួចយកសម្ភារៈប្រើប្រាស់ និងលុយរបស់ជនបរទេសម្នាក់ ហើយបានជិះម៉ូតូឌុបគ្នារត់គេចខ្លួនតែម្តង។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ ដែលជាជនបរទេស បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានដើរឆ្លងកាត់បរិវេណវត្តភ្នំ ស្របពេលដែលក្រុមជនសង្ស័យកំពុងនៅគោលដៅនោះ ពេលគាត់ដើរកាត់ពួកគេ ត្រូវបានជនសង្ស័យម្នាក់រត់ទៅឱបគាត់ និងម្នាក់ទៀតបានធ្វើសកម្មភាពលូកហោប៉ៅលួចយកសម្ភារប្រើប្រាស់ និងលុយរបស់គាត់ ហើយនាំគ្នាជិះម៉ូតូឌុបគ្នារត់គេចខ្លួនតែម្តង។ បន្ទាប់មកគាត់បានរត់ទៅក្បែរស្ពាននាគ ចៃដន្យឃើញនគរបាលកំពុងល្បាតនៅក្បែរនោះស្រាប់ក៏ប្តឹង ដោយប្រាប់ពីភិនភាគជនសង្ស័យទាំង២នាក់ មានម្នាក់ភេទប្រុស និងម្នាក់ទៀតភេទទី៣ បានលួចសម្ភារគាត់ ហើយជិះម៉ូតូហុងដាឌ្រីមសេរី១២៥ ពណ៌ខ្មៅ ដែលមានស្លាកលេខ ភ្នំពេញ 1JG-9886 រត់គេចខ្លួន។ ឮដូចនេះ កម្លាំងល្បាតបានធ្វើសកម្មភាពដេញតាមជនសង្ស័យពីក្រោយរហូតដល់ផ្លូវលេខ១៣០ កែង១៥ មូលដ្ឋាននៃសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ជនសង្ស័យទាំង២នាក់ បានផ្តួលម៉ូតូចោល រួចរត់ចូលច្រកផ្លូវតូច ឡើងផ្ទះប្រជាពលរដ្ឋ ដើម្បីគេចពីសមត្ថកិច្ច។

ជនរងគ្រោះបានបន្តទៀតថា​ លុះដល់ម៉ោង ១២:២០នាទីអធ្រាត្រ ប្រជាពលរដ្ឋបាននាំគ្នាស្រែកប្រាប់ប៉ូលីសថា ជនសង្ស័យបានរត់ចូលផ្ទះរបស់ខ្លួន ទើបសមត្ថកិច្ចឡើងទៅឡោមព័ទ្ធរហូតឃាត់បានទាំង ២នាក់ តែម្តង។បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២