ប្រហែលជាមិនចង់គិតលុយឱ្យម្ចាស់ហាង!  ជនជាតិចិនមួយក្រុមចូលផឹកស៊ី ច្រៀងកម្សាន្ត​ នៅKTV ពេលស្រវឹងធ្វើឈ្លោះគ្នាទាញកាំបិតដេញកាប់រត់ចែកជើងគ្នា ខ្លះគេចខ្លួនបាត់អស់​ ខ្លះទៀតត្រូវក្រុមសន្តិសុខឃាត់ជាប់ឱ្យទូទាត់លុយសិនបានឱ្យចេញ

ភ្នំពេញ​៖ ហេតុ​ការណ៍​ភ្ញាក់ផ្អើល​មួយបានកើតឡើង​ បន្ទាប់ពី​ជនជាតិចិនមួយក្រុម​នាំគ្នារត់ចេញពី​ក្នុងសណ្ឋាគារយីហោ” ឌីសេន ផាលេស DECENT PALACE​ KTV”​ ហើយ​ត្រូវ​បាន​ក្រុម​សន្តិសុខ​យាមកាម​នៅទីតាំងនេះ​ឃាត់ខ្លួនបានខ្លះ​ និងខ្លះទៀតបានរត់គេចខ្លួនបាត់​ ក្រោយជនជាតិចិនមួយក្រុមនោះមានគ្នាច្រើននាក់ បាននាំគ្នាចូលផឹកស៊ី និងច្រៀងកម្សាន្តយ៉ាងសប្បាយ​ ដល់ពេល​ស្រវឹងជោគជាំ​បែរជាកើតជម្លោះ​ រួចក៏ចេញមកឈ្លោះប្រកែកគ្នា​នៅខាងក្រៅទៀត​ ភ្លាមៗនោះ​បុរស​ជនជាតិ​ចិន​ម្នាក់​ រត់ទៅយកកាំបិតមកដេញកាប់​គ្នាឯង​ រត់​ចែកជើងគ្នាតែម្តង។

​យោង​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ខាងលើនេះ​ បានបញ្ជាក់ថា​ ករណី​នេះ​ បានកើតឡើងនៅវេលាម៉ោងជិត២រំលងអាធ្រាត​ឈានចូលថ្ងៃទី១២ ខែមេសា​ ឆ្នាំ២០២៤នេះ​ ស្ថិត​នៅ​ចំណុច​លើផ្លូវលេខ៦៣(វិថីត្រសក់ផ្អែម) សង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។

ប្រភពដដែលបានបន្តថា​ មុនពេលកើតហេតុ​ គេឃើញមានបុរសជនជាតិចិនមួយក្រុមមានគ្នាជាច្រើននាក់ បាននាំគ្នាចូលផឹកស៊ី និងច្រៀងកម្សាន្តសប្បាយ នៅក្នុងសណ្ឋាគារ ឌីសេន ផាលេស DECENT PALACE​ KTV ស្រាប់​តែ​មួយសន្ទុះក្រោយមកពេលផឹកស្រវឹង​រៀងៗខ្លួន បែរជាកើតជម្លោះ​គ្នា រួចក៏ចេញមកខាងក្រៅឈ្លោះប្រកែកគ្នា​ដោយស្រែកខ្លាំងៗ ភ្លាមៗនោះ​គេឃើញ​បុរស​ម្នាក់​ បានរត់ទៅយកកាំបិត មកដេញកាប់គ្នាឯង រត់ចែកជើងគ្នាពេញមុខហាង​ បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

ភ្លាមៗនោះ​ក្រុមសន្តិសុខ​ដែលយាម​ប្រចាំការនៅ​ហាង​ខាងលើនេះ​ ប្រមាណជា​៤នាក់​ បាននាំគ្នាជួយឃាត់កុំឱ្យកើតមានហិង្សា និងឃាត់ក្រុមបុរសជនជាតិចិនទាំងនោះ មិនទាន់ឱ្យចេញពីកន្លែងកើតហេតុឡើយ​ ព្រោះពួកគេមិនទាន់គិតលុយថ្លៃផឹកស៊ីនៅក្នុងហាងនៅឡើយ។

ក្រោយកើតហេតុ​កម្លាំងសមត្ថកិច្ច​មូលដ្ឋាន​ បានសហការជាមួយ​ក្រុម​សន្តិសុខ​យាមកាម​នៅទីនោះ​ ក៏បាននិយាយសម្រួល​គ្នា​ឱ្យក្រុម​ជនជាតិ​ចិន​ទាំង​នោះ​ គិត​លុយថ្លៃ​ផឹកស៊ី​រួច​ ក៏ណែនាំឱ្យ​ត្រលប់​ទៅ​កន្លែង​ស្នាក់នៅ​វិញផងដែរ​ ព្រោះមិនមាន​បង្ក​របួស​ស្នាម​នោះទេ៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២