ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រៀមកម្លាំងជាង២០០០នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ​ សមត្ថកិច្ចត្រៀមប្រើប្រាស់កម្លាំងប្រមាណជាង ២០០០នាក់ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ


លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះថា កម្លាំងសមត្ថកិច្ចរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច រួមទាំងមធ្យោបាយ និងសម្ភារ ដើម្បីបម្រើលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរាជាតិ ដែលមកកម្សាន្តសប្បាយរីករាយនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។


ឆ្លងតាមរយៈកិច្ចប្រជុំកាលពីពេលថ្មីៗនេះ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រជុំផ្សព្វផ្សាយកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយយោងទៅតាមផែនការដាក់ចេញដោយអគ្គស្នងការដ្ឋាននគរបាលជាតិក៏ដូចជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ។ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រោងប្រើប្រាស់កម្លាំងប្រមាណជាង ២០០០នាក់ ដែលបំពាក់ទៅដោយឧបករណ៍ សម្ភារដែលបម្រើឱ្យកិច្ចការពារសន្តិសុខ ក្នុងនោះមានកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ ប្រើប្រាស់កម្លាំងប្រចាំបញ្ជា កម្លាំងការពារគោលដៅទីតាំងសប្បាយភាព វត្តអារាម ទីផ្សារតូចធំ រមណីដ្ឋានផ្សេងៗ និងប្រើប្រាស់កម្លាំងរក្សាសន្តិសុខសម្រួលដោះស្រាយចរាចរណ៍នៅក្នុងភូមិសាស្ត្រផ្លួវចេញចូលរាជធានីភ្នំពេញជាដើម។


លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានណែនាំឱ្យក្តាប់មុខសញ្ញាដែលបង្កអំពើចលាចលក្នុងសង្គម ដូចជាអំពើតវ៉ា បះបោ និងធ្វើការទប់ស្កាត់មិនឱ្យមាននៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះជាដាច់ខាត។

ជាមួយគ្នានេះដែរ លោកស្នងការក៏បានដាក់បទបញ្ជាឱ្យអធិការនគរបាលខណ្ឌទាំង១៤ ត្រូវតាមដានត្រួតពិនិត្យមុខសញ្ញាចាស់ពាក់ព័ន្ធនឹងអំពើ ឆក់ លួច គាស់ផ្ទះ ប្លន់និងក្មេងទំនើង ត្រូវធ្វើការទប់ស្កាត់ឱ្យបានជាដាច់ខាត មិនឱ្យមានករណីបែបនេះកើតមាននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះជាដាច់ខាត៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២