សមត្ថកិច្ចបើកការស្រាវជ្រាវយ៉ាងមមាញឹកបំផុត ករណីចាប់ជំរិត និងបាញ់សម្លាប់ស្វាមីម្ចាស់ផលិតផល Lakamo  ជម្រិតទារប្រាក់ ២០ម៉ឺនដុល្លារមិនបានសម្រេច ហើយខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ ៖ ស្វាមីម្ចាស់ផលិតផល Lakamo បានទទួលមរណៈភាព បន្ទាប់ពីមានករណីចាប់ជម្រិតទារប្រាក់ចំនួន ២០ម៉ឺនដុល្លារមិនបានសម្រេច ជនសង្ស័យក៏បានបាញ់សម្លាប់ នៅក្នុងផ្ទះ ដែលស្ថិតនៅបុរី ជីបម៉ុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ហើយជនសង្ស័យក៏បានបាញ់សម្លាប់ខ្លួនឯង ត្រង់ក្បាលបណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម ។ ដោយឡែកចំពោះកញ្ញា សុខ លីន ជាតារា TikTok និងជា BA ផងនោះបានរងរបួសធ្ងន់ តាមប្រភពខ្លះបាននិយាយថា នាងព្យាយាមគេចពីខ្មាន់កាំភ្លើង បណ្តាលឱ្យធ្លាក់ត្រូវដែកប៉ះបំពង់ ក ក្រោមចង្ការ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។

ជនរងគ្រោះស្វាមីម្ចាស់ផលិតផល Lakamo ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់មានឈ្មោះ ឈួរ ឈុនហួរ អគ្គនាយករង ក្រុមហ៊ុន ព្រីមៀរ៍ ផាក។ ហើយជងរងគ្រោះម្នាក់ទៀតដែលគេស្គាល់ក្នុងបណ្ដាញសង្គម Tik Tok គឺកញ្ញា សុខ លីន ជាតារា TikTok និងជា BA គាត់ភ័យខ្លាំងពេកបានលោតចុះពីលើផ្ទះ បណ្តាលឱ្យទៅជុងនឹងរបងដែក របួសក្រោមចង្ការ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗដោយមានការយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ។

សូមបញ្ជាក់ផងដែរថា ៖ នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ មានករណីជនសង្ស័យម្នាក់បានចូលទៅផ្ទះម្ចាស់ប្រេន Lakamo ស្ថិតនៅក្នុងបុរី ជីបម៉ុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រួចហើយបានភ្ជង់អ្នកបើកឡាន ឲ្យនាំចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ ពេលនោះ ដោយមានការប្រតាយប្រតប់គ្នា ជនសង្ស័យដែលមានតែម្នាក់ឯង បានបាញ់ជនរងគ្រោះជាប្តីចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ បន្ទាប់មក ខ្មាន់កាំភ្លើងបានគំរាមជម្រិតទារលុយចំនួន២០ម៉ឺនដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះ ហើយបើមិនឲ្យទេ ជនរងគ្រោះប្រមាណជា១២នាក់នៅក្នុងផ្ទះ នឹងត្រូវបាញ់សម្លាប់ទាំងអស់។ ពាក់ព័ន្ធករណីនេះ កម្លាំងកងរាជអាវុធហត្ថដឹង ហើយក៏ចាប់ផ្តើមបើកប្រតិបត្តិការ ឡោមព័ទ្ធ ហើយជនល្មើសក៏បានបាញ់សម្លាប់ខ្លួនឯងតែម្តង៕

តាមរយៈការឆ្លើយឆ្លងតាមវីដេអូឆាតចេញពីផ្ទះ ដែលស្ថិតនៅក្នុងបុរី ជីបម៉ុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រវាងភរិយាជនរងគ្រោះ ជាមួយមិត្តភ័ក្តិ ជាង១០នាទី និងបង្ហាញទាំងរូបក្នុងហេតុការណ៍ មានកូន មានអ្នកនៅជាមួយច្រើននាក់ បញ្ជាក់ថា ជនសង្ស័យបានជម្រិតទារប្រាក់២០ម៉ឺនដុល្លារ បើមិនឱ្យនឹងសម្លាប់ ហើយភរិយាជនរងគ្រោះសូមមិនឱ្យប្រាប់សមត្ថកិច្ច ក្នុងហេតុផលខ្លាចជនសង្ស័យសម្លាប់ចោលទាំងអស់គ្នា ។ គាត់មានបំណងដកប្រាក់ពីធនាគារដើម្បីឱ្យជនសង្ស័យ ប៉ុន្តែយប់ពេក ហើយបញ្ជាក់ថានៅក្នុងផ្ទះអត់មានលុយទេ ។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីរកមូលហេតុពិតប្រាកដនៃករណីចាប់ជំរិត និងបាញ់សម្លាប់ស្វាមីម្ចាស់ផលិតផល Lakamo ហើយខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយនេះ៕

      

ដោយ៖ វិសាល

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២