ស្តាយហួសយប់ម៉ិញ! កីឡាករព្រំ សំណាង ត្រូវបានកីឡាករជើងខ្លាំងអ៊ីរ៉ង់ផ្តួល ដោយដណ្តើមយកពាន និងប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ត្រឡប់ទៅប្រទេសរបស់គេវិញ

ភ្នំពេញ៖ កីឡាករគុនខ្មែរកន្ត្រៃមាសជង្គង់ទិព្វ ព្រំ សំណាង បានរងការបរាជ័យក្រោមថ្វីដៃរបស់កីឡាករជើងខ្លាំងមកពីប្រទេសអ៊ីរ៉ង់ អាវីន មីប៊ូឌី ប្រកួតលក្ខណៈម៉ារ៉ាតុងគុនខ្មែរ បានធ្វើឱ្យកីឡាករបរទេសរូបនេះដណ្តើមយកពាន និងប្រាក់រង្វាន់ចំនួន៥០០០ដុល្លាអាមេរិកត្រឡប់ទៅប្រទេសរបស់គេ ក្រោយពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រយ៉ាងតានតឹង នៅលើសង្វៀនGanzberg រាជសីហ៍គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍ថោនកាលពីយប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤ យប់ម៉ិញនេះ ។

នៅក្នុងការប្រកួតជម្រុះជុំទីមួយ អាវីន បានផ្តួលកីឡាករមកពីប្រទេសអាល្លឺម៉ង់ដែលមានឈ្មោះថា ភីលីប អេងហ្អើរ៉ូប ឱ្យសន្លប់នៅក្នុងទឹកទី ១ តាមរយៈកណ្ដាប់ដៃរបស់គេដើម្បីបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ជួបជាមួយកីឡាករព្រំ សំណាង ។

ចំណែកឯកីឡាករ ព្រំ សំណាងវិញ ក៏មិនបានប្រើរយៈពេលយូរនៅក្នុងការផ្ដួលដៃគូនៅក្នុងជុំទីមួយនោះដែរគឺនៅត្រឹមទឹកទី 1 ព្រំ សំណាង  បានផ្ដាច់កីឡាករអូបេគីស្ថាន ប៉ាស្កូ នីកូឡៃ តាមរយៈការប្រើក្បាច់ប្រចាំត្រកូលរបស់គេ គឺជង្គង់ហោះផ្តាច់ព្រលឹង។

ប៉ុន្តែចូលដល់វគ្គផ្ដាច់ព្រ័ត្រវិញ មិនមែនជារឿងងាយសម្រាប់កីឡាករដែលជាអ្នកឈ្នះនៅក្នុងជុំទីមួយទាំងពីរនោះទេ កីឡាករព្រំ សំណាង និងកីឡាករអ៊ីរ៉ុងបានប្រកួតគ្នាយ៉ាងស្វិតស្វាញ ប្រកួតបីទឹកពេញយ៉ាងតានតឹងបំផុត តែការប្រកួតហាក់បីដូចជាមិនសូវសម្រុកគ្នានោះឡើយរហូតធ្វើឲ្យអាជ្ញាកណ្ដាលព្រមានរហូតដល់បីដង។ អ្នកលេងគុនខ្មែរ ព្រំ សំណាង ក៏បានព្យាយាមវាយតាមរយៈការទាត់ និងការឆក់កណ្ដាប់ដៃ ខណៈដែលការទាត់ និងការវាយរបស់កីឡាករអ៊ីរ៉ង់ ដូចជាមានស្ថានទម្ងន់ធ្ងន់ជាង។

បន្ទាប់ពីបញ្ចប់ការប្រកួត 3ទឹកពេញយ៉ាងតានតឹងក្នុងជំនួបផ្ដាច់ព្រ័ត្រនេះ ចៅក្រមទាំង៥រូប បានធ្វើការដាក់ពិន្ទុឲ្យកីឡាករអឺរ៉ង់ អាវីន ទទួលបានជ័យជំនះលើកីឡាករព្រំ សំណាងដោយឯកច្ឆន្ទ ហើយក៏ទទួលបានរង្វាន់ម៉ារ៉ាតុងគុនខ្មែរ ព្រមជាមួយនឹងទឹកប្រាក់យ៉ាងច្រើនពីសង្វៀន Ganzberg រាជសីហ៍គុនខ្មែរ។

គួរជម្រាបផងដែរថា កីឡាករជើងខ្លាំងអ៊ីរ៉ង់រូបនេះ កាលពីពេលកន្លងទៅក៏ធ្លាប់បានមកប្រកួតនៅកម្ពុជាច្រើនលើកមកហើយដែរ ហើយក៏ធ្លាប់ចាញ់ពិន្ទុតែម្ដងគត់។ ចំណែកឯការប្រកួតផ្សេងៗទៀតគឺរូបគេទទួលបានជ័យជំនះទាំងអស់ រហូតដល់ប្រកួតចុងក្រោយនេះបានយកឈ្នះអ្នកលេងគុនខ្មែរគីឡូធំជើងខ្លាំង នៅក្នុងស្រុករបស់យើងថែមទៀតផង៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២