កម្ពុជាត្រៀមដាក់កីឡាសំខាន់ៗចំនួន១៣ប្រភេទ ដើម្បីប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យលើកទី៣

ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យ លើកទី៣នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឆ្នាំ២០២៤ ដោយដាក់ កីឡា១៣ប្រភេទសំខាន់ៗដើម្បីឱ្យមានការប្រកួតប្រជែង ។កីឡា១៣ប្រភេទ ដែលនឹងដាក់ឱ្យប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យ លើកទី៣នេះមានដូចជា៖ បាល់ទាត់, បាល់ទះ, បាល់បោះ, អត្ដពលកម្ម, វាយកូនឃ្លីលើតុ, វាយសី, ហែលទឹក, តេក្វាន់ដូ ITF, តេក្វាន់ដូ WT, ប៉េតង់, ការ៉ាតេ, សីដក់ និងគុនដាវ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ បានប្រាប់ពីមូលហេតុ ដែលមិនទាន់មានកីឡាអត្ដសញ្ញាណជាតិក្នុងការប្រកួតនេះ ព្រោះក្រសួង ត្រូវរៀបចំកីឡាណា ដែលមាននៅក្នុងព្រឹត្តិការណ៍ Asean University Games។ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស (University Games) លើកទី៣ ឆ្នាំ២០២៤នេះ ត្រូវបានធ្វើរៀងរាល់ ២ឆ្នាំម្ដង នឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២៧ ខែឧសភា ឆ្នាំ២០២៤។

គួរជម្រាបផងដែរថា ឯកឧត្តម ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា រំពឹងថាព្រឹត្តិការណ៍នេះ អាចមានអ្នកចូលរួម ឈានទៅដល់ជាង ២ពាន់នាក់ ដែលជាចំនួនច្រើនជាងឆ្នាំ២០២២ មាន១៩០០នាក់។ ប្រធាននាយកដ្ឋានរូបនេះ មើលឃើញបណ្ដាសាលា និងគ្រឹះស្ថានអប់រំទាំងនោះ បានបណ្ដុះសកម្មភាពកីឡាយ៉ាងសកម្ម ទៅដល់សិស្សានុសិស្ស។

គួរបញ្ជាក់ផងដែរថា  សម្រាប់កីឡាអត្ដសញ្ញាណជាតិ ដូចជា៖ល្បុក្កតោ និងអុកចត្រង្គ មិនត្រូវបានដាក់ឲ្យចូលរួមប្រកួតនោះទេ ប៉ុន្ដែតាមការបញ្ជាក់របស់លោក ហួត សេងទ្រី ក្រសួងអប់រំ យុវជន និងកីឡា កំពុងព្យាយាមដាក់បញ្ចូល។ ប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់បន្ថែមថា ក្រសួង បានដាក់វិញ្ញាសាកីឡា ដែលមានក្នុងការប្រកួត Asean University Games ព្រោះជាការត្រៀមលក្ខណៈ។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើចំនួន ២លើករួចមកហើយ គឺលើកទី១ ឆ្នាំ២០១៨ និងលើកទី២ ឆ្នាំ២០២២ មានអ្នកចូលរួមរហូតដល់ ១៩០០នាក់៕

      

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២