គណនីធនាគាររបស់ក្រុមហ៊ុនជា សារ៉នចំនួន១០០ និងអចលនវត្ថុចំនួន ១.៧៩១ក្បាលដីត្រូវបានតុលាការខេត្តកំពតសម្រេចបង្កកហើយ នាពេលនេះ

ឥឡូវនេះសាលាដំបូងខេត្តកំពតបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ជិត ១០០គណនី ព្រមទាំងបង្កកអចលនវត្ថុជិត ១.៨០០ក្បាលដីថែមទៀត។ ជាមួយគ្នានេះដែរ សាលាដំបូងខេត្តកំពតក៏បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ បង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ និងបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទជាច្រើននាក់ថែមទៀត។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពតនាថ្ងៃទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ១.បានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥គណនី។ ២. បានសម្រេចបង្កកអចលនវត្ថុ(ដី)ចំនួន ១.៧៩១ក្បាលដី។ ៣. បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន១០នាក់ និងបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន ៩នាក់ទៀត ប៉ុន្តែមកដល់ពេលនេះមិនទាន់ចាប់ខ្លួនបាននៅឡើយ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ៤០នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ១០នាក់ ដោយកំណត់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ ៤. បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួសដោយបង្គាប់ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធ ផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះក៏បានបញ្ជាក់ថា សាលាដំបូងបានស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៥.៦៨០នាក់ និងសាក្សីជាអាជ្ញាធរចំនួន ២៤៩នាក់។ហើយឥឡូវនេះ សាលាដំបូងខេត្តកំពតកំពុងចាត់ការ នឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធជាមួយក្រុមហ៊ុន ជា សារ៉ន រៀលធី ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌តាមច្បាប់ និងនីតិវិធីជាធរមាន៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២