គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល ក្រោមដី និងលើអាកាស ចំនួន២ទីតាំងនៅក្រុងភ្នំពេញបានសិក្សារួចរាល់អស់ហើយ នៅតែថ្ងៃបើកការដ្ឋានសាងសង់តែប៉ុណ្ណេះ។ ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល ក្រោមដី និងលើអាកាសនេះ គេគ្រោងបោះទុនវិនិយោគសរុបប្រមាណជា ៣.៥ពាន់លានដុល្លារ។

ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុន Cambodia Airport Investment (CAIC) បានបម្រុងដីសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើង សម្រាប់ផែនការនាពេលអនាគត ដែលតភ្ជាប់ពីព្រលានយន្តហោះតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រភាគខាងត្បូងនៃរាជធានីភ្នំពេញ។

គួរជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលកម្ពុជាកាលពីចុងឆ្នាំ២០២៣កន្លងទៅ បានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោង ចំនួន២គឺ ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់រាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅ និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ សរុបជាទឹកប្រាក់វិនិយោគប្រមាណជា ៣.៥ពាន់លានដុល្លារ។ នេះបើយោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣។

ផែនការតភ្ជាប់ផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដីមកកាន់រាជធានីភ្នំពេញពីព្រលានយន្តហោះតេជោតា ក្រុងតាខ្មៅ គឺដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនអ្នកដំណើរចេញចូលមកកាន់ទីក្រុង និងកាត់បន្ថយចរាចរណ៍ដែលកំពុងតែមមាញឹកខ្លាំងក្នុងទីក្រុងភ្នំពេញ។នេះបើយោងតាម 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐨𝐧𝐝𝐨 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚៕

ដោយ៖ សំណាង

