ការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៤នេះនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះហើយ។សូមបងប្អូនរួសរាន់ អញ្ជើញទៅប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យឱ្យបានទាន់ពេលវេលាកំណត់ដើម្បីចៀសវាងទទួលរងនូវការផាកពិន័យ។

បើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងទៀតថា រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យរបស់ខ្លួននៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៤នេះ ឱ្យបានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាទៅប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ ។

អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់ អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាខាពន្ធដារ ខេត្ត-ខណ្ឌអចលនទ្រព្យស្ថិតនៅជិត ឬនៅគ្រប់សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី ឬធនាគារ កាណាឌីយ៉ា ក.អ ឬធនាគារ វឌ្ឍនៈ ឬធនាគារ កម្ពុជា សាធារណៈ ភីអិលស៊ី ឬធនាគារ ស្ថាបនា ភីអិលស៊ី ឬធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ឬធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឬធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ ឬធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬធនាគារ វីង (ខេមបូឌា) ម.ក ឬតាមអនឡាញ តាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ “GDT Taxpayer App” ដែលអាចទាញយក មកប្រើប្រាស់ពី App Store ឬ Play Store បាន។

អគ្គនាយកដ្ឋានពន្ធដារក៏បានបញ្ជាក់ផងដែរថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ដូច្នេះអគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់នឹងយកចិត្តទុកដាក់ និងអញ្ជើញទៅបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើនេះជាពុំខាន៕

ដោយ៖ សំណាង

