ចេករបស់ខេត្តកំពង់ចាមត្រូវបាននាំចេញទៅប្រទេសជប៉ុន និងចិនដោយមានការពេញនិយមជាខ្លាំង។ នៅទីនេះក្រុមហ៊ុនលោកឧកញ៉ា ហេង ឡុង បានផ្តល់ឱកាសការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួនជាង ៧០០០កន្លែង ដោយគិតជាប្រាក់ខែមានចំនួនជាង ២,៦ លានដុល្លារ ដែលជាការជួយសេដ្ឋកិច្ចបងប្អូនអ្នកស្រុកយ៉ាងច្រើន។ នេះជាការលើកឡើងរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពេលធ្វើដំណើរទៅទស្សនកិច្ចនៅក្រុមហ៊ុនចម្ការចេករបស់លោកឧកញ៉ា ហេង ឡុង នៅខេត្តកំពង់ចាមកាលពីប៉ុន្មានថ្ងៃមុននេះ។


ឯកឧត្តម កែវ រតនៈបានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលបានគាំទ្រផ្នែកទីផ្សារផង និងផ្តល់អគ្គិសនីបៃតងក្នុងអត្រាពិសេសក្នុងផ្នែកកសិកម្ម គឺមានតម្លៃត្រឹម ៤៨០រៀលប៉ុណ្ណោះ ក្នុង១គីឡូវ៉ាត់ម៉ោង។


នៅក្នុងឱកាសនោះ ឯឧ កែវ រតនៈ ក៏បានជំរុញឱ្យក្រុមហ៊ុនបន្តពង្រីកអាជីវកម្មរបស់ខ្លួនដើម្បីជួយបង្កើតការងារថ្មីៗ និងអំពាវនាវដល់អ្នកមានទុនឯទៀតឱ្យជួយវិនិយោគក្នុងវិស័យកសិកម្ម ដែលនឹងទទួលបានអគ្គិសនីថ្លៃអនុគ្រោះជាពិសេសផងដែរ៕

ដោយ៖ សំណាង

