ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នៅស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីប្លន់ លួចម៉ូតូប្រដាប់ដោយអាវុធបណ្ដាលឲ្យមានមនុស្សរងរបួស។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា កំលាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងមូលដ្ឋានខណ្ឌ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីប្លន់ លួចម៉ូតូប្រដាប់ដោយអាវុធ បាញ់ជនរងគ្រោះឱ្យរងរបួសប្រព្រឹត្តទៅចំណុចតូបលក់កាហ្វេច្រកចូលផ្ទះសំណាក់ស្រែលឿង ផ្លូវបេតុង ភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៦ និង២៥នាទី ។ ហើយត្រូវស្រាវជ្រាវឃាត់ខ្លួនបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៥ និង៣០នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពបានឲ្យដឹងទៀតថា ក្រោយនគរបាលឃាត់ខ្លួន សួរនាំ ជនសង្ស័យបានសារភាពថា ពួកខ្លួនបានធ្វើសកម្មភាពលួចម៉ូតូបានសម្រេចបានចំនួន១១ករណី និងមួយករណីចុងក្រោយ បានផ្ទុះអាវុធចំប្រអប់ជើងជនរងគ្រោះ ចំណុចតូបលក់កាហ្វេច្រកចូលផ្ទះសំណាក់ស្រែលឿង ផ្លូវបេតុង ភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ប្រភពដដែលបានឱ្យដឹងទៀតថា ជនសង្ស័យទី១.មានឈ្មោះ ឌួង វិបុល ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបុរីពិភពថ្មី ផ្ទះលេខ១៧ ផ្លូវលេខ២១ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលរាជធានីភ្នំពេញ ។ទី២ ឈ្មោះ សុំ បញ្ញា ហៅ សួស បញ្ញា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ មិន ពិតប្រាកដ នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ ហេង ដារ៉ា ហៅ គោ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើស អេតចាយ មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាPCX ពណ៌ស សេរីឆ្នាំ២០២១ ពាក់ស្លាកលេខស្វាយរៀង១P-៧៧៥៥ ,មួកសុវត្ថិភាព ពណ៌ខ្មៅចំនួន ០១ , កាបូបស្ពាយម៉ាក HALMABISON ពណ៌ ខ្មៅ ចំនួន ០១ ,អាវយឺតដៃវែង ពណ៌ ស្វាយ ចំនួន ០១, ស្រោមដៃ ពណ៌ ខៀវ លាយ ខ្មៅ ចំនួន ០១គូ,ឧបករណ៍សំរាប់ដោះស្លាកលេខម៉ូតូ មួយចំនួន -គ្រាប់សំរាប់កិបស្លាកលេខម៉ូតូចំនួន០១គូ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ វិសាល

