មនុស្សប្រុសស្រីចំនួន៣១នាក់ត្រូវបានឃាត់ខ្លួននៅភោជនីយដ្ឋានម្លប់ធ្នង់មានលាភ សង្ស័យបង្កប់សេវាកម្មជួញដូរផ្លូវភេ.ទ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើលជួញដូរមនុស្ស និងការពារអនីតិជន​សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខបានឆ្មក់ចូលបង្ក្រាបនៅក្នុងភោជនីយដ្ឋានម្លប់ធ្នង់មានលាភ ដោយឃាត់មនុស្សប្រុសស្រីចំនួន៣១នាក់សង្ស័យបង្កប់សេវាជួញដូរផ្លូវភេទ ។

​

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីម៉ោង៩ នឹង៣០នាទីយប់ថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ២០២៥ នៅភោជនីយដ្ឋានម្លប់ធ្នង់មានលាភ ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​

សមត្ថកិច្ចនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រួមទាំងអាជ្ញាធរបានចុះបិទភោជនីយដ្ឋានម្លប់ធ្នង់មានលាភ ដោយយកខ្សែព័ទ្ធជុំវិញ ដើម្បីចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងកន្លែងកើតហេតុភ្លាមៗ ក្នុងនោះបានរកឃើញស្រោមអនាម័យជាច្រើនប្រអប់ដែលមិនទាន់បានប្រើ។

​ 

សមត្ថកិច្ចនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបញ្ជាក់ប្រាប់ថា ក្នុងករណីនេះបានឃាត់បុគ្គលិករួមទាំងមេការ និងថៅកែភោជនីយដ្ឋាន សរុបចំនួន៣១នាក់ ក្នុងនោះប្រុស២នាក់ និងមានក្មេងស្រីជាច្រើននាក់ដែលមិនទាន់គ្រប់អាយុ ដើម្បីយកទៅសួរនាំនៅផ្នែកជំនាញ ។ ដោយឡែក២នាក់ទៀត មានសន្តិសុខម្នាក់ព្រមទាំងយាយអនាម័យដោយមិនបានឃាត់ខ្លួនឡើយដោយឲ្យពួកគាត់រង់ចាំការពារនៅភោជនីយដ្ឋានខាងលើ ។

​

បន្ទាប់ពីប្រតិបត្តិការចប់បុគ្គលិកព្រមទាំងមេការ និងថៅកែភោជនីយដ្ឋានត្រូវបានបញ្ជូនខ្លួនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដដើម្បីរង់ចាំស៊ើបសង្កេតសួរនាំចាត់ការបន្តតាមនីតិវិធី ៕​

 

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២