ភ្នំពេញ៖ បើទោះបីជារត់គេចខ្លួនយ៉ាងណាក៏ដោយ ក៏មិនអាចគេចផុតពីសំណាញ់ច្បាប់បានដែរ គឺសមត្ថកិច្ចបានស្រាវជ្រាវតាមចាប់ខ្លួនឃាតករដៃឆៅដែលបានចាក់សម្លាប់បុរសម្នាក់ប្លន់យកទូរស័ព្ទ និងជំរិតយកលេខកូដសម្ងាត់ធនាគារ នៅក្នុងហាងម៉ាស្សាយីហោ «គេណេស» តាមបណ្តោយផ្លូវលេខ៤២០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥បានហើយ។ ដោយការចាប់ខ្លួននេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្ទះគ្មានលេខ ភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។


អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឱ្យដឹងថា មកដល់ពេលនេះ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានស្រាវជ្រាវចុះបង្រ្កាបឃាត់ខ្លួនជនជាប់ចោទពីបទឃាតកម្មបានហើយ។


សូមជម្រាបផងដែរថា នៅចំណុចផ្ទះម៉ាស្សាយីហោ «គេណេស» តាមបណ្តោយផ្លូវលេខ៤២០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន កាលពីយប់ថ្ងៃទី១៦មីនា ឆ្នាំ២០២៥ មានករណីឃាតកម្មចាក់សម្លាប់បុរសម្នាក់ ប្លន់យកទូរស័ព្ទ និងជំរិតយកលេខកូដសម្ងាត់ធនាគារ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនដៃដល់បានរត់គេចខ្លួន។ រហូតមកដល់ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន៕

ដោយ៖ ឧត្តម

