ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដើរកាន់កាំភ្លើងAK ប្រុងយកទៅបាញ់សងសឹកគូរទំនាក់។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចបឹងជំនីក ភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ហើយជនសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះ លុយ សុស អាយុ ៤៥ ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កំលាំងយើងកំពុងល្បាតតាមភូមិសាស្ត្រ របស់ខ្លួនបានប្រទះឃើញជនសង្ស័យម្នាក់ កំពុងដើរតាមផ្លូវ ដោយមានកាន់កាំភ្លើង AK នៅនឹងដៃ ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងមួយចំនួន ដើម្បីសួរនាំ។

វត្ថុតាងដែលចាប់យកបានរួមមាន៖
- កាំភ្លើងម៉ាក AK ១ ដើម
- បង់គ្រាប់ ១
- គ្រាប់កាំភ្លើង ១៨ គ្រាប់
- កាបូបលុយពណ៌ខ្មៅ ១
- ក្រណាត់យ័ន្តពណ៌ក្រហម ១
- ចង្កូមជ្រូក ១
- ខ្សែដៃអង្កាំជ័រ ១ ខ្សែ

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាំភ្លើង AK នេះខ្លួនរើសបាននៅក្រោមស្ពានក្រពើហារ ភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយមានបំណងយកទៅបាញ់សងសឹកអ្នកដែលធ្លាប់រករឿងជាមួយខ្លួន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងបន្តស៊ើបអង្កេតបន្ថែម ដើម្បីរកមូលហេតុថាតើមានការពាក់ព័ន្ធជាមួយករណីផ្សេងទៀតដែរ ឬទេ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ វិសាល

