សហរដ្ឋអាមេរិកទុកពេលឱ្យចិន ៧២ ម៉ោងដើម្បីបិទស្ថានកុងសុ៊លនៅក្រុង Houston

(ប៉េកាំង / វ៉ាស៊ីនតុន)៖ សហរដ្ឋអាមេរិកបានផ្តល់ពេលវេលាដល់ប្រទេសចិនចំនួនត្រឹម ៧២ ម៉ោងដើម្បីបិទស្ថានកុងស៊ុលរបស់ខ្លួននៅក្រុងហ៊ូស្តុន (Houston) ស្របពេលដែលសហរដ្ឋអាមេរិកបានចោទប្រកាន់ចិនពីបទធ្វើចារកម្ម  សញ្ញាទាំងនេះបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងការទំនាក់ទំនងរវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃពុធថា រាល់បេសកកម្មចិននៅក្រុងហ៊ូស្តុន(Houston) កំពុងត្រូវបានបិទ ដើម្បីការពារកម្មសិទ្ធិបញ្ញាអាមេរិក និងព័ត៌មានឯកជនរបស់ជនជាតិអាមេរិក។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយឆ្លើយតបនឹងសំណួរនៅឯសន្និសីទសារព័ត៌មានមួយថា វាអាចទៅរួចដែលបេសកកម្មចិនដទៃទៀតក៏អាចនឹងត្រូវបានបិទជាបន្តបន្ទាប់…។  គេសង្កេតឃើញថាប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋបាលលោកត្រាំបានចេញបទបញ្ជារបស់ខ្លួនកាលពីថ្ងៃអង្គារ បុគ្គលិកកុងស៊ុលចិនបានដុតក្រដាសឯកសារដាក់ធុងដែកនៅទីធ្លាអាគារនៃក្រុងហ៊ូស្តុនដែលជំរុញឱ្យមន្រ្តីប៉ូលីស និងអ្នកពន្លត់អគ្គីភ័យប្រញាប់ប្រញាល់ទៅកាន់តំបន់នោះពេញមួយយប់។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វេនប៊ីន (Wang Wenbin)បាននិយាយថាស្ថានកុងស៊ុលកំពុងដំណើរការជាធម្មតា ទីក្រុងវ៉ាស៊ីនតោនបានចេញនូវការទាមទារឱ្យបិទស្ថានកុងស៊ុលកាលពីថ្ងៃអង្គារហើយករណីនេះ ជាការបង្កហេតុនយោបាយដែលមិនធ្លាប់កើតឡើងមានពីមុនមកទេ។ ដោយឡែក លោកស្រី ហួ ឈុនយីង(Hua Chunying) អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានទទួលរងការគំរាមបំផ្ទុះគ្រាប់បែក និងគំរាមសម្លាប់។ លោកស្រីបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនថា សហរដ្ឋអាមេរិកគួរតែដកសេចក្តីសំរេចដែលមិនត្រឹមត្រូវរបស់ខ្លួនចេញ.. ប្រទេសចិននឹងមានប្រតិកម្មយ៉ាងខ្លាំង ជាមួយនឹងវិធានការណ៍ដើម្បីសងសឹកវិញ ។

ប្រភពព័ត៌មានពីបញ្ហានេះបានឲ្យដឹងថា បក្សកុម្មុយនីសនៅទីក្រុងប៉េកាំងកំពុងពិចារណាថានឹងបិទស្ថានកុងស៊ុលសហរដ្ឋអាមេរិកវិញនៅកណ្តាលទីក្រុង Wuhan ដើម្បីជាការសងសឹក។ ចិនក៏អាចជ្រើសរើសយកស្ថានកុងស៊ុលសំខាន់ៗបន្ថែមទៀតដូចជានៅហុងកុង សៀងហៃ ឬក្វាងចូវដែលវាអាចធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់អាមេរិក៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២