អ្នកគាំទ្ររដ្ឋាភិបាលថៃនិងប្រមូលផ្តុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រឆាំងនឹងការធ្វើបាតុកម្មទាមទាររបស់ក្រុមសកម្មជននិស្សិត

(បាងកក)៖ ក្រុមអ្នកគាំទ្ររាជរដ្ឋាភិបាលថៃដែលពួកគេបានហៅខ្លួនឯងថា Archeewa Chuai Chart នឹងធ្វើការប្រមូលផ្តុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីគាំទ្រដល់រដ្ឋាភិបាលលោកប្រាយុទ្ធ ចាន់អូចា ប្រឆាំងនឹងការធ្វើបាតុកម្មរបស់សកម្មជននិស្សិតដែលបានទាមទារឱ្យរំលាយសភា ធ្វើវិសោធនកម្មទៅលើរដ្ឋធម្មនុញ្ញ នឹងការបោះឆ្នោតជាថ្មីឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkokpostថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុម Archeewa Chuai Chart បានរិះគន់ក្រុមយុវជនសេរី និងសហភាពនិស្សិតថៃដែលបានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃទី១៨ ខែកក្កដាកន្លងទៅ ដោយទាមទារឱ្យរដ្ឋាភិបាលរំលាយសភា នឹងឈប់ប្រើច្បាប់គាបសង្កត់ប្រឆាំងនឹងអ្នកនយោបាយ ព្រមទាំងធ្វើវិសោធនកម្មររដ្ឋធម្មនុញ្ញឡើងវិញ។ ក្រុម Archeewa Chuai Chart នេះបានអះអាងថាពួកគេមានភស្ដុតាងដែលសកម្មជននិស្សិតបានប្រើប្រាស់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតដើម្បីបង្កឱ្យមានការយល់ច្រឡំអំពីរបបរាជានិយមដែលគ្មានអ្វីទាក់ទងនឹងការទាមទាររបស់ពួកគេទាល់តែសោះ។ គួរជម្រាបជូនថា ការប្រមូលផ្ដុំគ្នារបស់ក្រុមអ្នកគាំទ្ររដ្ឋាភិបាល (Archeewa Chuai Chart)គឺមានគោលបំណងផ្តល់ព័ត៌មានត្រឹមត្រូវអំពីរាជាធិបតេយ្យ និងដើម្បីបង្ហាញពីចេតនាពិតប្រាកដនៃការធ្វើបាតុកម្មរបស់សកម្មជននិស្សិតប្រឆាំងរដ្ឋាភិបាល និងអ្នកដែលនៅពីក្រោយរឿងនេះ ដើម្បីប៉ុនប៉ងកេងប្រវ័ញ្ចផលប្រយោជន៍តែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ក្រុមសកម្មជននិស្សិតក៏បានចេញសារព្រមានផងដែរថា ប្រសិនបើការទាមទាររបស់ពួកគេមិនត្រូវបានរដ្ឋាភិបាលលោក ប្រាយុទ្ធ ឆ្លើយតបក្នុងរយៈពេលពីរសប្តាហ៍នេះទេ ពួកគេនឹងបន្តសកម្មភាពប្រឆាំងទាមទាររបស់ពួកគេឱ្យកាន់តែខ្លាំងឡើងៗ៕ 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២