ប៉ូលីសហុងកុងចាប់ខ្លួនមនុស្ស ៤នាក់ពីបទសង្ស័យរំលោភលើច្បាប់សន្ដិសុខជាតិថ្មី

(ហុងកុង)៖ នៅល្ងាចថ្ងៃពុធម្សិលមិញនេះ ប៉ូលីសហុងកុងបានចេញប្រតិបត្តិការអនុវត្តច្បាប់ដំបូងបង្អស់របស់ខ្លួន ដែលដាក់ចេញដោយសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការការពារសន្តិសុខជាតិ ដោយបានចាប់ខ្លួនមនុស្ស ៤នាក់ពីបទសង្ស័យរំលោភបំពានច្បាប់សន្តិសុខជាតិថ្មីនេះនៅក្នុងតំបន់រដ្ឋបាលពិសេសទីក្រុង​ហុងកុង​ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។

មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានសន្តិសុខជាតិបានប្រាប់សន្និសីទសារព័ត៌មានមួយនៅយប់ថ្ងៃពុធនេះថា កម្លាំងប៉ូលីសហុងកុងបានចាប់ខ្លួនបុរស ៣ នាក់និងស្រីម្នាក់នៅរសៀលថ្ងៃពុធនេះនៅតាមតំបន់ផ្សេងៗគ្នារួមមាន Yuen Long, Tuen Mun, Sha Tin និងLi Kwai-wah ។ មនុស្សទាំង៤ នាក់ដែលត្រូវបានចាប់ខ្លួននោះមានអាយុចន្លោះពី ១៦ ដល់ ២១ឆ្នាំ ដោយបានអះអាងថាពួកគេគឺជានិស្សិត និងត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភលើមាត្រា ២០ និង ២១ នៃច្បាប់សាធារណរដ្ឋប្រជាមានិតចិនស្តីពីការការពារសន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង។ តាមការស៊ើបអង្កេតបានបង្ហាញថា ក្រុមនិសិ្សតនេះបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេថា និងបង្កើតអង្គការតស៊ូមតិដើម្បី“ឯករាជ្យភាពហុងកុង” និងបានញុះញង់ដើម្បីឱ្យអ្នកដទៃចូលរួមសកម្មភាពជាមួយពួកគេ។

សូមជម្រាបជូនថា នេះជាប្រតិបត្តិការអនុវត្តច្បាប់ដំបូងបង្អស់របស់កងកម្លាំងប៉ូលីស ស្របតាមច្បាប់សន្តិសុខជាតិថ្មីនៃទីក្រុងហុងកុង។ ប៉ូលីសហុងកុងបានចង្អុលបង្ហាញថាច្បាប់សន្តិសុខជាតិថ្មីនៅហុងកុងបានកំណត់យ៉ាងច្បាស់នូវបទល្មើសនានាដែលកំពុងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ទោះយ៉ាងណា ពួកគេមិនបានបង្ហាញពីអត្តសញ្ញាណរបស់អ្នកដែលត្រូវបានចាប់ខ្លួននោះទេ។ដោយឡែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាបុរសម្នាក់ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនគឺលោក Tony Chung Hon-Lam ដែលជាអតីតអ្នកតំណាងអង្គការនិស្សិតតស៊ូមតិដើម្បី“ឯករាជ្យភាពហុងកុង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២