កំលាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅភូមិព្រែកគង់ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម APP NoDrug ។

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថា មានករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកគង់ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាលជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន ។

លោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការ និងផ្តល់ព័ត៌មានដល់កម្លាំងបញ្ជារកម្លាំងជំនាញដោយមានការដឹកនាំដោយលោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចាត់កម្លាំងជំនាញចុះសហការជាមួយ អាវុធហត្ថក្រុងសំពៅពូន ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យសរុប ០៣នាក់ ។

វត្ថុតាងចាប់យកបានរួមមាន ៖ ម្សៅក្រាមពណ៌ សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៥កញ្ចប់, ទូរស័ព្ទ ១គ្រឿង ម៉ាក SAMSUNG, កាំបិតចំនួន ៤ដើម, សម្ភារៈសម្រាប់វិចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត ៕


