ភ្នំពេញ៖ ផ្ទះវីង ដូរលុយមួយកន្លែង ខណៈដែលម្ចាស់មិននៅ ត្រូវបានជនសង្ស័យគាស់របងចូលលួចលុយអស់ប្រមាណជិត៣ម៉ឺនដុល្លារ និងអាវុធខ្លីមួយដើម រួចគេចខ្លួនដោយសុវត្តិភាព។ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ នៅចំណុចផ្ទះវីងវេលុយ និងដូរលុយ យីហោ ចែឃី ស្ថិតតាមបណ្ដោយផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគឺផ្ទះកើតហេតុបានចាក់សោរចោល ដោយម្ចាស់ផ្ទះគឺជាមន្ត្រីយោធា បានទៅកន្លែងធ្វើការ ចំណែកស្ត្រីជាប្រពន្ធ និងកូនៗបានចេញទៅក្រៅដូចគ្នា លុះមកដល់ម៉ោងកើតហេតុ ម្ចាស់ផ្ទះរួមទាំងកូនៗ បានត្រលប់មកវិញ បានចាក់សោរចូលក្នុងផ្ទះ ស្រាប់តែផ្ទះមានសភាពមិនប្រក្រតី រប៉ាត់រប៉ាយ ហើយទៅមើលទ្វារខាងក្រោយឃើញរបើកជញ្ជាំងសង្ក័សីខាងក្រោយចំហៀងផ្ទះ មានស្នាមកាត់ ។

ប្រភពបានបន្តទៀតថា បន្ទាប់ពីដឹងថាមានជនសង្ស័យគាស់ផ្ទះ ហើយមានការបាត់បង់លុយប្រហែលជិត៣ម៉ឺនដុល្លារ សំភារៈរបស់មានតម្លៃមួយចំនួន និងអាវុធខ្លី១ដើម ម្ចាស់ផ្ទះបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានចុះទៅកន្លែងកើតហេតុ ធ្វើការឡោមព័ទ្ធទីតាំងខាងលើ ដើម្បីស្វែងរកជនសង្ស័យ តែមិនដឹងថាជនសង្ស័យគេចខ្លួនតាំងពីពេលណានោះទេ ។
ករណីនេះផងដែរ ស្ត្រីជាប្រពន្ធបានសន្លប់បានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកបុរសជាប្តីត្រូវបានសមត្ថកិច្ចហៅទៅបំភ្លឺសួរនាំ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អមផងដែរ ៕

ដោយ៖ វិសាល

