សមត្ថកិច្ចខេត្តកណ្តាល បង្ក្រាប និងឃាត់ខ្លួនយុវជនប្រុសស្រីជួញដូរប្រើប្រាស់គ្រឿងញៀនមួយសំបុកធំសំងំនៅក្នុងផ្ទះសំណាក់ ដកហូតម៉ាទឹកកក១៧កញ្ចប់

ខេត្តកណ្តាល៖ មន្ត្រីកងរាជអាវុធហត្ថស្រុកស្អាងបាន ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនានេះថា មូលដ្ធានកងរាជអាវុធហត្ថស្រុកស្អាងបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីមួយសំបុកធំសំងំជួញដូរប្រើប្រាស់រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ចំនួន១៦នាក់ដកហូតវត្ថុតាងម៉ាទឹកកកចំនួន១៧កញ្ចប់ នៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ (ហ្គោលអន) កាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃទី ១៦ និង១៧ខែមីនាឆ្នាំ២០២៦ ដែលស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៏ត្រី អ៊ូ ផល្លី មេបញ្ជាការមូលដ្ធានកងរាជអាវុធហត្ថស្រុកស្អាងប្រាប់ឱ្យដឹងថា ក្រុមជនសង្ស័យទាំង១៦នាក់ មានបុរសចំនួន ១១នាក់ ស្រីចំនួន០៥ នាក់ (វិជ្ជមានសារធាតុញៀនចំនួន១៥នាក់) ដែលមានអាយុចន្លោះពី ១៨ឆ្នាំដល់៤៤ឆ្នាំ ក្នុងនោះមានមេការផ្ទះសំណាក់០១នាក់ និងមានទីលំនៅក្នុងស្រុកស្អាងចំនួន១២នាក់  ស្រុកកោះធំ ចំនួន ០៣នាក់  និងស្រុកព្រៃកប្បាសខេត្តតាកែវ ចំនួន០១នាក់ ។

 

វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៧ កញ្ចប់ និងសម្ភារ:ប្រើប្រាស់មួយចំនួន,បារីអេឡិចត្រូនិចចំនួន៤ដើម,រថយន្តចំនួន១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-0231, ទូរស័ព្ធដៃចំនួន០៧គ្រឿង,ម៉ូតូចំនួន០៤ គ្រឿងម៉ាកSONICពណ៌ខៀវ១គ្រឿង(គ្មានផ្លាកលេខ) -ម៉ាកគូបជ្រុង ពណ៌ខៀវ១គ្រឿង(គ្មានផ្លាកលេខ) -ម៉ាក C125ពណ៌ខៀវ១គ្រឿងពាក់ស្លាកលេខ 1AN -4008, ម៉ាកសេ125ពាក់ស្លាកលេខតាកែវ1P-7155 ។

លោកមេបញ្ជាការស្រុកបានបន្តទៀតថា ក្រោយតាមដានស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ ក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀន ជិះម៉ូតូចូលក្នុងផ្ទះសំណាក់យីហោ (ហ្គោអន)ទីតាំងកើតហេតុ     ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា  មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងព្រមទាំងមានការចូលរួមពីលោក សេង វុធ អភិបាលរងស្រុកស្អាង  លោកមេបញ្ជាការបានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់ទីតាំងកើតហេតុ ។

 

ជាលទ្ធផលនៅផ្ទះសំណាក់ហ្គោអន ក្នុងបន្ទប់លេខ 66 បន្ទប់លេខ 08 បន្ទប់លេខ03 និងបន្ទប់លេខ04  ឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន ១៥នាក់ និងបន្តដល់ម៉ោង១១និង២០នាទីថ្ងៃទី ១៧ខែមីនាឆ្នាំ២០២៦ កម្លាំងបានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សម្បត្តិ សុខហេង  នៅចំណុចផ្លូវលេខ 23 ស្ថិតក្នុងភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ។

ជនសង្ស័យសារភាពថា ថ្នាំញៀនបានទិញក្នុងតំលៃចាប់ ពី ៧៥០.០០០រៀល ( ចិតសិបប្រាំម៉ឺនរៀល)ដល់ ៣. ០០០.០០០រៀល (បីលានរៀល )ពីឈ្មោះឆេង ចាន់ណា ហើយឈ្មោះ ឆេង ចាន់ណា បានទិញពីឈ្មោះថាញ់ ភេទប្រុសអាយុប្រហែល៥០ឆ្នាំ នៅម្តុំផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ ដើម្បីយកមករំលែកវិចខ្ចប់ ជួញដូរបន្តនិងប្រើប្រាស់។

 

បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង១៦នាក់ រួមនិងវត្ថុតាងបានបញ្ជូនមកបញ្ជាការដ្ធានកងរាជអាវុធហត្ថខេត្តកណ្តាលដើម្បីបន្តនិតិវិធី  ៕

     

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២