បុរសម្នាក់មិនដឹងថា មានបញ្ហាអ្វីបានប្រើអំពើហិង្សាក្នុងគ្រួសារ ដោយចាក់សោរផ្ទះបង្ខាំងប្រពន្ធ និងកូនស្រី២នាក់នៅក្នុងផ្ទះ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិស្រែរាជ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។មិនបង្អង់យូរកម្លាំងសមត្ថកិច្ចស្រុកសំឡូតបានចុះទៅធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីឳពុក ម្តាយបង្កើតរបស់ជនកំណាចទៅប្តឹងសមត្ថកិច្ចឱ្យទៅជួយអន្តរាគមន៍។


ជនសង្ស័យជាប្តីមានឈ្មោះ កែប ចាន់ថន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅផ្ទះកើតហេតុ ។ ចំណែកដើមបណ្តឹងត្រូវជាឪពុកបង្កើត មានឈ្មោះ សាត វឿន អាយុ៦៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យប្រើអំពើហិង្សាក្នុងគ្រួសារ ហើយចាក់សោរផ្ទះបង្ខាំងប្រពន្ធ និងកូនស្រី២នាក់ មិនឱ្យចេញក្រៅ ដោយខ្លាចមានបញ្ហាកើតឡើងធ្ងន់ធ្ងរ ឪពុកបង្កើតរបស់ឈ្មោះ សាត វឿន ក៏រត់ទៅប្តឹងសមត្ថកិច្ច សុំឱ្យជួយអន្តរាគមន៍រំដោះកូនប្រសារ និងចៅស្រី២នាក់ ចេញពីក្នុងផ្ទះ ។


ករណីនេះ ក្រោយពីទទួលបានបណ្តឹងពីក្រុមគ្រួសារ កម្លាំងគណៈបញ្ជការឯកភាពស្រុកសំឡូត កម្លាំងអន្តរាគមន៍ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ប៉ុស្តិ៍នគរបាល រដ្ឋបាលស៊ុង និងចូលរួមដឹកនាំ ដោយលោកអភិបាលរងស្រុក,រួមជាមួយអាជ្ញាធរឃុំ ភូមិ បានចុះទៅជួយអន្តរាគមន៍ សង្គ្រោះនាំយកប្រពន្ធ និងកូនចេញពីក្នុងផ្ទះដោយសុវត្តិភាព ។
ចំណែកជនបង្កត្រូវបានឃាត់ខ្លួនប្រគល់ឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូតដើម្បីសាកសួរ និងអនុវត្តបន្តតាមនីតិវិធី ៕


