មកដឹងពីការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងការផ្លាស់ទីលំនៅ តើត្រូវភ្ជាប់ឯកសារចាំបាច់អ្វីខ្លះ?

មានបងប្អូនប្រជាពលរដ្ឋភាគច្រើន ដែលមិនទាន់បានដឹង និងយល់ច្បាស់ពីការធ្វើសៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ និងការផ្លាស់ទីលំនៅនោះថា ត្រូវមានភ្ជាប់ឯកសារអ្វីខ្លះទៅជាមួយ ដើម្បី៝ធ្វើឯកសារសំខាន់ៗទាំងនោះ នៅក្នុងភូមិសាស្ត្រដែលខ្លួនកំពុងរស់នៅ។

១-អំពីសៀវភៅស្នាក់នៅ៖

សៀវភៅស្នាក់នៅ ជាសៀវភៅសម្រាប់ស្រង់ព័ត៌មាន អំពីចំនួនមនុស្សដែលស្នាក់នៅក្នុងគេហដ្ឋាននីមួយៗ មិនសម្រាប់បញ្ជាក់អំពីញាតិភាព ឬសញ្ជាតិខ្មែរ នៃមនុស្សដែលមានឈ្មោះចុះក្នុងបញ្ជីសៀវភៅនេះឡើយ។សាមីខ្លួនត្រូវយកលិខិតស្នាមមួយចំនួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដូចខាងក្រោម៖

-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត។

-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

-សំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើមាន)។

-លិខិតអនុញ្ញាតផ្លាស់ទីលំនៅពីនគរបាលប៉ុស្តិ៍រដ្ឋបាលទីកន្លែងចាស់ដែលសាមីខ្លួនធ្លាប់រស់នៅ (ប្រសិនបើមានការផ្លាស់ប្តូរទីកន្លែងស្នាក់នៅ)។

២-អំពីសៀវភៅគ្រួសារ៖

សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ ពីសមាជិកគ្រួសារ ដែលមានសញ្ជាតិខ្មែរ និងពីចំណងញាតិភាពនៃគ្រួសារនីមួយៗ រួមមាន សហព័ទ្ធ និងកូនបង្កើត ឬកូនសុំ។

សាមីខ្លួនត្រូវយកលិខិតស្នាមមួយចំនួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដូចខាងក្រោម៖

-សៀវភៅស្នាក់នៅ ។

-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត។

-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

-សំបុត្រអាពាហ៍ពិពាហ៍។

-រូបថត មេគ្រួសារ ទំហំ ៤X៦ ចំនួន០៥សន្លឹក។

 

៣-អំពីការផ្លាស់ប្តូរទីលំនៅ (ទីកន្លែងទំនាក់ទំនង និងឯកសារដែលត្រូវមាន)៖

ក-ការផ្លាស់ទីលំនៅចេញ៖

ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួនត្រូវអញ្ជើញទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលកំពុងរស់នៅអចិន្ត្រៃយ៍ ដោយភ្ជាប់ជាមួយឯកសារ៖

-សៀវភៅស្នាក់នៅ

-សៀវភៅគ្រួសារ

ខ-ការផ្លាស់ចូល (ទីកន្លែងដែលទៅតាំងទីលំនៅថ្មី)

ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួន ត្រូវយកឯកសារដែលទទួលបានពី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ចាស់ដែលអនុញ្ញាតឱ្យផ្លាស់ចេញ ទៅបង្ហាញប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលខ្លួនមានបំណងទៅតាំងទីលំនៅថ្មី ដើម្បីចុះឈ្មោះ និងទទួលបានសៀវភៅស្នាក់នៅ ដោយភ្ជាប់ឯកសារបន្ថែម៖

-សៀវភៅស្នាក់នៅ ឬសេចក្តីចម្លងសៀវភៅស្នាក់នៅ ។

-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ។

-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ។

 

សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices តាមរយៈApp Store និង Google Play ឬ ទាក់ទងតាមលេខទូរស័ព្ទ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ ក្នុងម៉ោងធ្វើការ ដោយឥតគិតថ្លៃសេវាទូរសព្ទគ្រប់ប្រព័ន្ធ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។នេះបើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២