កំពង់ស្ពឺ៖ ករណីឃាតកម្មសាហាវព្រៃផ្សៃមួយបានកើតឡើង ដោយបុរសជាប្ដីបានសម្លាប់ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាមដោយមិនដឹងមូលហេតុ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០:០០នាទីយប់ថៃ្ងទី២២ ខែកក្ដដា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមិនដឹងមូលហេតុ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាប្ដីមានឈ្មោះ អ៊ុំ សុខន ភេទប្រុស អាយុ៣៦ឆ្នាំ ស្រុកកំណើតនៅភូមិខ្សឹង ឃុំរការធំ ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ខ្លូត ស្រីនី ភេទស្រី អាយុ ៣៥ឆ្នាំ (ត្រូវជាប្រពន្ឋ)បណ្តាលឱ្យជនរងគ្រោះស្លាប់ ក្រោយធ្វើសកម្មភាព រួចជនសង្ស័យ បានយក ម៉ូតូមួយគ្រឿង ម៉ាក let ពណ៌ទឹកប្រាក់ ស្លាកលេខ កំពង់ស្ពឺ 1M-1903 រួមជាមួយវត្ថុតាងកាំបិតជិះគេចខ្លួចបាត់។


ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានធ្វើការសហការ ជាមួយអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្ដតាកែវ ធ្វើការប្រមាញ់តាមចាប់ជនសង្ស័យ លុះដល់ម៉ោង ២៣ .០០នាទី បានទទួលព័ត៌មានថា នៅចំណុចភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ លើផ្លូវជាតិ លេខ២ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ជនសង្ស័យ អុំ សុខន បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើកម៉ូតូចូលរថយន្តម៉ាក Hyu n dai ប្រភេទឃ្លុប ២តោនកន្លះ ពណ៌ស ស្លាកលេខ ភ្នំ ពេញ3G.5635 បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅ នឹងកន្លែងកើតហេតុ នេះបើតាមរបាយការណ៍ពីនគរបាលខេត្ដតាកែវ។
សពជនសង្ស័យជាឃាតករឈ្មោះ អ៊ុំ សុខន ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាល ស្រុកសំរោង ចំណាត់ការតាម នីតិវិធី និងប្រគល់សពជូនសាច់ញាតិ៕

ដោយ៖ វិសាល

