ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរប៊ែរវើរីជីសឧបត្ថម្ភយ៉ាងពេញទំហឹង ដោយនាំកីឡាករ លន បញ្ញា និង ធន់ ម៉េងហុង ទៅប្រកួតក្នុងព្រឹត្តិការណ៍ K-1 WORLD MAX 2026 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ មិនត្រឹមតែជួយពង្រឹងសមត្ថភាពកីឡាករគុនខ្មែរនោះទេ ភេសជ្ជៈបំពេញជាតិទឹកកម្ពុជាថែមទាំងបង្កើតសង្វៀនឃីកឱ្យកីឡាករមានឱកាសបង្ហាញសមត្ថភាពល្បីរហូតដល់ K1 របស់ជប៉ុនទទួលយក លន បញ្ញា និង ធន់ ម៉េងហុងចូលរួមប្រកួតដណ្តើមខ្សែរក្រវ៉ាត់ថែមទៀត។


យោងតាមតារាងប្រកួតកម្មវិធី K-1 ដែល លន បញ្ញា ប្រកួតជម្រុះ យក ៨នាក់ចុងក្រោយដើម្បីទៅវគ្គបន្តដណ្ដើមខ្សែក្រវាត់, ឯ ធន់ ម៉េងហុង ប្រកួតដណ្ដើមខ្សែក្រវាត់មួយប្រកួតយកពីកីឡាករជប៉ុននាថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2026 ខាងមុខនេះ។
សូមបញ្ចាក់ថា គូរបស់កីឡាករកម្ពុជា ធន់ ម៉េងហុង និង លន បញ្ញា ស្ថិតនៅលេខ ៣ និង ៧ នៃភាគ១ ដូច្នេះនឹងត្រូវប្រកួតនៅចន្លោះម៉ោង ១១ និង៣០នាទីព្រឹកតទៅ ម៉ោងនៅកម្ពុជា។មុនទៅ K-1 សិស្សលោកគ្រូ ធន់ សុភា ទាំង២រូបរួមមាន៖ លន បញ្ញា និង ធន់ ម៉េងហុង ធ្វើបានល្អដូចគ្នា បច្ចុប្បន្នជើងខ្លាំងទាំងពីររូបកំពុងសម្ងំហ្វឹកហាត់ជាខ្លាំង ទាំងកម្លាំង បច្ចេកទេស ស្មារតីជាមួយគ្រូៗបរទេសដែលមានជំនាញការប្រកួតឃីកបុកស៊ីង ។
ការឈានទៅកាន់សង្វៀន K-1 លើកនេះ ជាសញ្ញាបង្ហាញថា សមត្ថភាព និងសក្តានុពលរបស់កីឡាករកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ពីស្ថាប័នប្រដាល់អន្តរជាតិ ដែលនេះជាឱកាសដ៏សំខាន់សម្រាប់កីឡាករទាំងពីរក្នុងការបង្ហាញសមត្ថភាព ប្រឈមជាមួយកីឡាករជើងខ្លាំងលំដាប់អន្តរជាតិ និងបង្ហាញពីសក្តានុពលរបស់កីឡាករកម្ពុជាទៅកាន់ពិភពលោក៕

ដោយ៖ វិកគី

