ឯកឧត្តម មីន អោងឡាំង ( Min Aung Hlaing ) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។


តាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម មីន អោង ឡាំងនឹងមានជំនួបកំពូលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម។


ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និង នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរម រតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង បញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅ រវាងប្រទេស និងប្រជាជនទាំងពីរ៕

ដោយ៖ ឧត្តម

