Nael Abu Obeid មេបញ្ជាការកងពលតូច Rafah ដែលជាផ្នែកមួយនៃកងពលប្រដាប់អាវុធរបស់ក្រុមហាម៉ាស នៃកងពលតូច Al-Qassam ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារម្សិលមិញនេះ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Katz ។

ពួកគេបានអះអាងថា ការវាយប្រហារបានធ្វើឡើងបន្ទាប់ពីការសម្លាប់កាលពីដើមសប្តាហ៍នេះរបស់មេបញ្ជាការកងពលតូច Khan Younis និងឥស្សរជនជាន់ខ្ពស់របស់ក្រុមហាម៉ាស់ផ្សេងទៀត។
ប្រភពប៉ាឡេស្ទីនបាននិយាយថា Abu Obeid បានគ្រប់គ្រងកងពលតូច Rafah បន្ទាប់ពីមេបញ្ជាការមុនរបស់ខ្លួនគឺ Muhammad Shabana ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីខែឧសភា ឆ្នាំ 2025 ។

ការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់របស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១ ៣៧២នាក់ និងរបួស ៤ ៦៥៩នាក់ផ្សេងទៀត។ នេះបើយោងតាមតួលេខចុងក្រោយពីក្រសួងសុខាភិបាលហ្គាហ្សា។
ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023នោះមក អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 73 000 នាក់ និងរបួសជាង 174 000 នាក់ទៀត នៅក្នុងអំពើប្រល័យពូជសាសន៍របស់ខ្លួននៅតំបន់ហ្គាហ្សា ខណៈពេលដែលបានបំផ្លាញប្រហែល 90% នៃហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នេះ៕
ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា

