អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យខណ្ឌទាំង១៤ ឱ្យត្រៀមលក្ខណៈបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេងបានណែនាំរដ្ឋបាលខណ្ឌទាំង១៤ ជាពិសេសខណ្ឌដែលស្ថិតនៅតាមបណ្តោយទន្លេចតុមុខ និងដងស្ទឹងព្រែកត្នោត ឱ្យពង្រឹងការត្រៀមលក្ខណៈបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីវិធានការបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់ចំពោះគ្រោះទឹកជំនន់នៅរាជធានីភ្នំពេញ។

សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ខណ្ឌដែលត្រូវយកចិត្តទុកដាក់ រួមមាន៖ ជ្រោយចង្វារ ឫស្សីកែវ ចំការមន ដូនពេញ ច្បារអំពៅ ព្រែកព្នៅ មានជ័យ ពោធិ៍សែនជ័យ ដង្កោ និងកំបូល ដោយត្រូវប្រើប្រាស់យន្តការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខណ្ឌ និងសង្កាត់ រៀបចំក្រុមវេនយាមប្រចាំការនៅតាមរដ្ឋបាលខណ្ឌ សង្កាត់ និងទីស្នាក់ការភូមិ ដើម្បីប្រមូលព័ត៌មាន ត្រៀមអន្តរាគមន៍ជួយសង្គ្រោះ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។ជាមួយគ្នានេះ អាជ្ញាធរត្រូវពិនិត្យ និងត្រៀមទីតាំងទីទួល ឬមណ្ឌលជម្លៀសដែលមានសុវត្ថិភាព ព្រមទាំងរៀបចំទីតាំងបម្រុងក្នុងករណីចាំបាច់។ ទីតាំងទាំងនេះត្រូវពិនិត្យ ជួសជុល កែលម្អ សម្អាតអនាម័យ និងបរិស្ថាន ព្រមទាំងបំពាក់ឧបករណ៍ និងសម្ភារៈចាំបាច់ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះ។

អាជ្ញាធរខណ្ឌ និងសង្កាត់ក៏ត្រូវត្រៀមកម្លាំង និងមធ្យោបាយសរុប រួមមាន រថយន្ត បាវខ្សាច់ ចប បង្គី ឧបករណ៍ សម្ភារៈ និងស្បៀង ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយ។ ជាមួយនេះ ត្រូវសហការការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់នៅតាមមណ្ឌលជម្លៀស ព្រមទាំងស្រង់ស្ថិតិប្រជាពលរដ្ឋរងគ្រោះ ដើម្បីត្រៀមផ្តល់ជំនួយអន្តរាគមន៍ និងគាំពារសង្គមឱ្យបានទាន់ពេលវេលា។

 

អាជ្ញាធរមូលដ្ឋានត្រូវបំពេញព័ត៌មានអំពីផលប៉ះពាល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីបញ្ចូលក្នុងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM)។ដោយឡែក រដ្ឋបាលសង្កាត់ ភូមិ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះប្រជាពលរដ្ឋរងគ្រោះ និងក្រុមងាយរងគ្រោះ ដូចជា ស្ត្រីមានផ្ទៃពោះ ចាស់ជរា កុមារ និងជនពិការ ដោយត្រូវត្រៀមឈើច្រត់ រទេះរុញ និងឱសថសម្រាប់ការព្យាបាលជំងឺបឋម។

សម្រាប់ស្ត្រីមានផ្ទៃពោះដែលត្រូវតាមដានសុខភាព ឬជិតដល់ពេលសម្រាល ត្រូវរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ ចំពោះកុមារ ត្រូវធានាឱ្យបានចាក់វ៉ាក់សាំងបង្ការ និងពិនិត្យសុខភាពតាមការកំណត់ ដើម្បីចៀសវាងការបាត់បង់អត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ជាមួយគ្នានេះ អាជ្ញាធរត្រូវរាយការណ៍ជាប្រចាំអំពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកនៅតាមស្ថានីយនីមួយៗ ដើម្បីអាចតាមដាន និងចាត់វិធានការបានទាន់ពេលវេលា។

 

មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីតាមដាន និងព្យាករណ៍ជាប្រចាំអំពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក ព្រមទាំងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ និងត្រៀមសហការសម្របសម្រួលការងារបច្ចេកទេសផ្សេងៗតាមការចាំបាច់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២