នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីគយនិងរដ្ឋាករសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ១នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល ក្រុមការងារបានរកឃើញរុក្ខជាតិក្រៀម សង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន ៤៤ កញ្ចប់ មានទម្ងន់សុទ្ធសរុប ២២ គីឡូក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។

បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចេញផ្សាយនៅមុននេះបន្តិច៕


