អូរដំឡូង ក្នុងខេត្តបន្ទាយមានជ័យត្រូវបានស្តារសម្រេចបានប្រមាណ ៨៥%ហើយនៅពេលនេះ

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មតំណាង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃព្រហស្បតិ៍​ទី១ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរដំឡូង ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ លោក ថាំង វីយុទ្ធដា បានឱ្យដឹងថា គិតត្រឹមដើមខែតុលា ឆ្នាំ២០២៦នេះ ការងារស្តារអូរដំឡូង និងការសាងសង់សំណង់សិល្បការ្យចំនួន ១០កន្លែង (ដែលទទួលប្រភពទឹកពីភ្នំខ្លែងពណ៌ និងទឹកក្រោមដី) សម្រេចបានប្រមាណ ៨៥% នៃគម្រោងទាំងមូលហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

លោក ថាំង វីយុទ្ធដា បានបញ្ជាក់បន្ថែមថា ក្រោយពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីដាំដុះដំណាំបន្លែចំនួន ១៥០ហិកតា ព្រមទាំងបម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន ៦ភូមិ ស្មើនឹង ១.៦៣៥គ្រួសារ (មនុស្សសរុប ៨.១៧៥នាក់ ស្រី ៤.៤៩៦នាក់) ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

 

ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានវិស្វកម្ម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាន និងបានណែនាំដល់ក្រុមការងារបច្ចេកទេស ឱ្យបន្តគ្រប់គ្រងគ្រឿងចក្រ និងប្រតិបត្តិការឱ្យមានប្រសិទ្ធភាព ព្រមទាំងអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាឱ្យបាននូវគុណភាពសំណង់រឹងមាំ អាចប្រើប្រាស់បានយូរអង្វែង និងសម្រេចបានតាមផែនការគ្រោងទុក៕

      
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២