ឡេង ណូរ៉ា ៖ “ការជាប់ជម្រើសជាតិលើកនេះធ្វើឲ្យខ្ញុំបានស្វែងយល់ពីបាល់ទាត់មួយកម្រិតទៀត”

ភ្នំពេញ ៖ កីឡាករកូនកាត់ខ្មែរហ្កាណាឡេង ណូរ៉ា ដែលធ្លាប់ធ្វើឲ្យកីឡាករមាឌធំៗរបស់អឺរ៉ាក់ឈឺក្បាលនៅក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោកនៅប្រទេសបារ៉ែនកន្លងទៅ កំឡុងពេលនេះកំពុងនៅហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជានៅឡើយខណៈដែលនៅសល់រយះពេលប៉ុន្មានថ្ងៃទៀតទើបបញ្ចប់ការធ្វើចត្តាលីស័ក។

កាលពីថ្ងៃទី២៣ មិថុនាម្សិលមិញកីឡាករខ្សែការពារវ័យក្មេងរូបនេះបានបញ្ចាក់ប្រាប់ថោនថា “ខ្ញុំមានអារម្មណ៍ សប្បាយចិត្តហើយវាជាពេលវេលាមួយដែលរូបខ្ញុំអាចអភិវឌ្ឍន៍ខ្លួនបានច្រើន ជាពិសេសទទួលបានបទពិសោធន៍ពីរៀមច្បងជាច្រើនដោយពួកគាត់បានបង្រៀនណែនាំផ្តល់កម្លាំងចិត្ត និងបានស្វែងយល់ពីបាល់ទាត់ថែមមួយកម្រិតទៀតផងដែរ”។ គេក៏បានរៀបរ៉ាប់បន្ថែមទៀតថា “សម្រាប់រូបខ្ញុំក្នុងកំឡុងពេលបានចូលរួមជាមួយក្រុមជម្រើសជាតិ ខ្ញុំនៅមានចំណុចខ្វះខាតច្រើនទៀត នៅពេលដែលទៅហ្វឹកជាមួយ ក្លឹបវិញខ្ញុំនឹងខិតខំព្យាយាមបំពេញសមត្ថភាពបន្ថែមទៀត”។

ការប្រកួតនៅបារ៉ែនធ្វើឲ្យរូបគេបានស្គាល់និងយល់ដឹងពីក្រុមខ្លាំងៗបានធ្វើឲ្យកីឡាកររូបនេះមានអារម្មណ៍ថាប្លែកនឹងថ្មីហើយកាន់តែមានកម្លាំងចិត្តពង្រឹងបន្ថែមនៅសម្ថភាពរបស់ខ្លួន។
សូមរំលឹកថាស្ថិតនៅក្នុងវ័យ១៧ឆ្នាំកីឡាករខ្សែការពារឡេង ណូរ៉ា ទទួលបានឱកាសចូលលេងលីគកំពូលលើកដំបូងជាមួយក្រុមព្រៃវែងទល់នឹងអង្គរថៃហ្គឺរហើយជាប់ឈ្មោះជាកីឡាករល្អជាងគេនៅក្នុងការប្រកួតនោះផងដែរហើយកីឡាកររូបនេះក៏ធ្លាប់បានជាប់ជម្រើសជាតិអាយុក្រោម១៦ឆ្នាំម្តងកាលពីពេលកន្លងទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២