ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជាត្រូវយកឈ្នះទៅលើគូប្រកួតកោះហ្គាម ដាច់ខាត ដើម្បីធានាកៅអី វគ្គជម្រុះ ក្នុងការប្រកួត Asian Cup។
ក្រោយលទ្ធផលចាប់គូកាលពីរសៀលថ្ងៃទី២៤ មិថុនាម្សិលមិញនេះលទ្ធផលចាប់ឆ្នោតវគ្គ Play-Off នៃពានរង្វាន់ Asian Cup 2023 កម្ពុជា ត្រូវជួបប្រកួតជាមួយនឹងកោះហ្គាម។
យោងទៅតាមការបង្ហោះរបស់គណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមកម្ពុជាឆ្នាំ២០២៣ (CAMSOC) បានឲ្យដឹងថាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមកោះហ្គាំ ក្នុងវគ្គជម្រុះ Play-Off ដើម្បីប្រជែងកៅអីវគ្គចែកពូល(ជុំទី៣) នៃការប្រកួតជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ នៅប្រទេសចិន (AFC Asian Cup China 2023) បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានរៀបចំកម្មវិធីចាប់ឆ្នោតរួចរាល់ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។
សម្រាប់បេក្ខភាពក្រុមត្រូវប្រកួត Play-Off នេះ មាន៤ក្រុម រួមមានក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ស្ថិតក្នុងក្រឡទី១ (Pot-1) ខណៈក្រុមឆាយនីសតៃប៉ិ និងកោះហ្គាំ ស្ថិតនៅក្រឡទី២ (Pot-2)។ ជាលទ្ធផលនៃការចាប់ឆ្នោតនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រុមគោព្រៃកម្ពុជា ត្រូវជួបក្រុមកោះហ្គាំ រីឯឥណ្ឌូនេស៊ី ត្រូវជួបក្រុមឆាយនីសតៃប៉ិ គ្រាដែលការប្រកួតជើងទី១ នឹងធ្វើឡើងនាថ្ងៃទី៧-កញ្ញា និងជើងទី២ ប្រកួតនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ខាងមុខ ។
សូមបញ្ជាក់ថា បច្ចុប្បន្នមាន២២ក្រុមកំពុងឈរចាំនៅវគ្គចែកពូលជុំទី៣ រួមមានតាហ្ស៊ីគីស្ថាន, អ៊ូបេគីស្ថាន, គុយវ៉ែត, បារ៉ែន, តួកម៉េនីស្ថាន, ហ្ស៊កដានី, ប៉ាឡេស្ទីន, ម៉ាឡេស៊ី, ហ្វីលីពីន, កៀហ្ស៊ីស៊ីស្ថាន, ឥណ្ឌា, ថៃ, សិង្ហបុរី, ម៉ុហ្គោលី, អាហ្វហ្គានីស្ថាន, ហុងកុង, ម៉ាល់ឌីវ, ស្រីលង្កា, នេប៉ាល់, មីយ៉ាន់ម៉ា, យេម៉ែន និងបង់ក្លាដេស។ ការប្រកួតជម្រុះជុំទី៣ នេះ គ្រោងធ្វើឡើងនាអំឡុងខែកុម្ភៈ រហូតដល់ខែកញ្ញា ឆ្នាំ២០២២ខាងមុខ ដើម្បីចម្រាញ់រកក្រុមចំណាត់ថ្នាក់ល្អ ១១ក្រុម ធ្វើដំណើរទៅជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ២០២៣ នៅប្រទេសចិន ៕
ប្រភពៈ (CAMSOC)


