មកលម្អិតឃា.ត.ក ដែលកា..ប់ស.ម្លា.ប់បងថ្លៃខ្លួនឯង តែត្រូវបានកម្លាំងសមត្ថកិច្ច ចេញអន្តរាគមន៍ចាប់ឃា.ត់ខ្លួនបានភ្លាមៗ 

ភ្នំពេញ ៖ អនុវត្តន៍តាមបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានកាប់សម្លាប់បងថ្លៃស្រីរបស់ខ្លួនបណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង ២០ និង៣០នាទី នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ វ៉ា ស្រីនិច ភេទស្រី អាយុប្រហែល ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ចំណែកជនសង្ស័យឈ្មោះ ចិន ចាន់ចំណាប់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ (ត្រូវជាប្អូនថ្លៃជនរងគ្រោះ) ។

 

សមត្ថកិច្ចបានឲ្យដឹងថា   មុនពេលកើតហេតុជនរងគ្រោះ(សព)បានដឹកកូនស្រីចេញពីបុរីមកផ្ទះ ពេលមកដល់ផ្ទះជនរងគ្រោះបានឱ្យកូនទៅម្ដាយក្មេក ហើយក៏ដើរចូលទៅក្នុងបន្ទប់របស់ខ្លួនជាន់ទី១។ ភ្លាមនោះស្រាប់តែជនសង្ស័យដែលត្រូវជាប្អូនថ្លៃឈ្មោះ ចិន ចាន់ចំណាប់ ដែលកំពុងតែនៅក្នុងផ្ទះបានកាន់កាំបិតប៉័ងតោចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ ហើយបិទទ្វារ និងបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ក្រោយមកជនសង្ស័យក៏បានរត់គេចខ្លួនបាត់។ លុះក្រោយមកក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ២១ និង៥៥នាទី នៅថ្ងៃខែឆ្នាំដដែល។

 

បើតាមការបំភ្លឺពីម្ដាយបង្កើតរបស់ជនសង្ស័យបានឲ្យដឹងថា ជនសង្ស័យខាងលើបានធ្លាប់យកទៅដាក់មណ្ឌលបន្សាបគ្រឿងញៀនបីដងរួចមកហើយ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២