សហគមន៍អ៊ឺរ៉ុបគ្រោងនឹងបើកផ្លូវទទួលភ្ញៀវទេសចរណ៍បរទេសអោយបានច្រើននៅរដូវក្តៅនេះទោះបីស្ថានការណ៍ COVID-១៩ នៅមិនទាន់ធូរស្រាលក៏ដោយ

អឺរ៉ុប៖ នាយកប្រតិបត្តិនៃសហភាពអ៊ឺរ៉ុបបានផ្តល់អនុសាសន៍ ស្តីពីការបន្ធូរបន្ថយការរឹតបន្តឹងCOVID-១៩ លើការធ្វើដំណើរនៅខែក្រោយ ដើម្បីអាចអនុញ្ញាត្តឱ្យអ្នកដំណើរបរទេសមកពីប្រទេសជាច្រើនចូលសហភាពអឺរ៉ុបបាន ដោយសង្ឃឹមថានឹងអាចស្តារឧស្សាហកម្មទេសចរណ៍ដែលកំពុងរងគ្រោះឱ្យកើនឡើងវិញនៅរដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានChannelnewsasia នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

នៅក្រោមការរឹតត្បិតនាពេលបច្ចុប្បន្ននេះប្រជាជនមកពីប្រទេសចំនួនប្រាំពីររួមទាំងអូស្រ្តាលីនិងសិង្ហបុរីអាចចូលក្នុងសហភាពអឺរ៉ុបនៅថ្ងៃវិស្សមកាលខាងមុខ ដោយមិនគិតពីថាតើពួកគេត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ឬទេ ប៉ុន្តែត្រូវឆ្លងកាត់ការធ្វើតេស្ត ឬការដាក់ឲ្យនៅដាច់ដោយឡែក។

ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោក Ursula von der Leyen បានសរសេរនៅលើបណ្តាញសង្គម Twitter ថា“ ដល់ពេលវេលាដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍មានភាពរស់រវើកឡើងវិញហើយ សម្រាប់ការ ឆ្លងកាត់ព្រំដែន ដោយសុវត្ថិភាព” ។

សំណើថ្មីដែលបានលើកឡើងដោយគណៈកម្មការអឺរ៉ុបកាលពីថ្ងៃច័ន្ទម្សិលមិញ នៅតែត្រូវការការយល់ព្រមពីរដ្ឋជាសមាជិក ដើម្បីអនុញ្ញាតឱ្យពលរដ្ឋបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញនិងអ្នកដែលស្ថិតក្នងប្រទេសដែលគ្រប់គ្រងស្ថានភាពការរាតត្បាតបានល្អអាចចូលមកតំបន់អឺរ៉ុបបាន ខណៈដែលរដ្ឋជាសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុបគ្រោងនឹងចាប់ផ្តើមពិភាក្សាលើសំណើនេះហើយសង្ឃឹមថាវានឹងត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់នៅខែឧសភានេះតែម្តង។

សូមជម្រាបថា ការរឹតត្បិតក្នុងការធ្វើដំណើរដោយសារតែវិបត្តិ COVID-១៩ បានធ្វើឱ្យមានការខាតបង់យ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍នៅសហភាពអ៊ឺរ៉ុប ខណៈដែលប្រទេសជាសមាជិកបានព្យាយាមឯកភាពលើជំហររួមមួយនៅដើម្បីឆ្លើយតបនឹងការបញ្ហាផងដែរនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២