ប្រធានាធិបតីចិន លោកស៊ី ជិនពីង ផ្ញើសារអបអរសាទរ លោកចូ បៃដិន ចំពោះការទទួលជ័យជម្នះ ក្នុងការបោះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក

ប៉េកាំង៖ កាលពីថ្ងៃពុធម្សិលមិញនេះ ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានផ្ញើសារមួយទៅលោកចូ បៃដិនដើម្បីអបអរសាទរក្នុងឪកាសដែលលោកឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន ស៊ីនហួរ ថ្ងៃព្រហសត្បិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងលិខិតអបអរនោះលោកស៊ី ជីនពីង បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងចិន- សហរដ្ឋអាមេរិកមិនត្រឹមតែបម្រើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៅក្នុងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញនូវក្តីរំពឹងរួមរបស់សហគមន៍អន្តរជាតិទៀតផង។ លោកស៊ី ជីនពីង សង្ឃឹមថាភាគីទាំងពីរនឹងប្រកាន់ខ្ជាប់នូវស្មារតីមិនមានជម្លោះ ការមិនប្រឈមមុខគ្នា ការគោរពគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងស្ថិរភាពរវាងចិន- សហរដ្ឋអាមេរិក និងរក្សាទំនាក់ទំនងនិងសហការជាមួយប្រទេសដទៃទៀតនិងសហគមន៍អន្តរជាតិដើម្បីលើកកម្ពស់បុព្វហេតុដ៏ថ្លៃថ្នូនៃសន្តិភាពនិងការអភិវឌ្ឍពិភពលោក។

សូមជម្រាបថា នៅថ្ងៃដដែលនោះអនុប្រធានាធិបតីចិនលោក វ៉ាងឈី ស៊ីន ក៏បានផ្ញើសារទៅលោកស្រី កាម៉ាឡា ហារីស ដើម្បីអបអរសាទរដែលលោកស្រីឈ្នះការបោះឆ្នោតក្នុងនាមជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២